
ភ្នំពេញៈ បុរសស្រវឹងម្នាក់ ដែលបើករថយន្តបំបុកសមត្ថកិច្ច បណ្តាលឲ្យប៉ូលិសចរាចរណ៍ម្នាក់ របួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីសាកសួរដោយភ្ជាប់ការសន្និដ្ឋានពីបទប៉ុនប៉ងឃាតកម្ម។
ជនស្រវឹងរូបនេះ ឈ្មោះ សា សារី ហៅ សារី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ។ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនឈ្មោះ សា សារី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបើករថយន្តបំបុកនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បទល្មើសនេះ ក្នុងករណីតុលាការរកឃើញនូវបទល្មើសប៉ុនប៉ងឃាតកម្មតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ នោះជនត្រូវចោទអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ។
គួររំឭកថា នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នគរបាលចរាចរណ៍បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ហើយរថយន្តមួយគ្រឿងបើកចូលមក នគរបាលបានសួរនាំ ដើម្បីត្រួតពិនិត្យ ស្រាប់តែបុរសរូបនេះ បើកបំបុកធ្វើឲ្យនគរបាលម្នាក់ ឈ្មោះ ហ៊ុល ចាន់រាសី របួសធ្ងន់បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត តែម្ដង៕

