
យោងប្រកាសលេខ១២៣ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានលុបឈ្មោះ លោក រ៉ុង ឈុន បុគ្គលិកអប់រំ បម្រើការងារនៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ ចេញក្របខ័ណ្ឌមន្ត្រីរាជក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ ដោយសាមីជនអវត្តមានគ្មានច្បាប់អនុញ្ញាត។

ឆ្លើយតមទៅនឹងសេចក្តីសម្រេចនេះ លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប បានប្រាប់ថា ការលុបឈ្មោះលោកចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ជាការរំលោភច្បាប់ ពីព្រោះលោកបានដាក់ពាក្យសុំច្បាប់សម្រាកគ្មានបៀវត្ស។ លោកបញ្ជាក់ទៀតថា៖ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអនុញ្ញាតឱ្យលោក ឈប់សម្រាកដែរ (យោងលិខិតលេខ២១៥៨ អយក.ប្រក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការអនុញ្ញាតច្បាប់ឱ្យឈប់សម្រាកគ្មានបៀវត្ស)។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន បានដាក់ពាក្យលាឈប់ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ បន្ទាប់មកទៀត លោក ក៏បានដាក់ពាក្យស្នើសុំចូលបម្រើការនៅ នៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨។

