
នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការទ្វេភាគីជាមួយ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាម នៅវិមានរដ្ឋសភា។
លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដែលទើបតែតែងតាំងថ្មី បានលើកឡើងថា៖ ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម រីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យគ្រប់កម្រិត ក្នុងស្មារតីភាតរភាពស្និទ្ធស្នាល ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការស្អិតរមួត និងយូរអង្វែង ។
សម្តេច ហេង សំរិន មានជំនឿថា ក្នុងអាណត្តិការទូតថ្មីនេះ លោក វូ ក្វាងមិញ នឹងបន្ត ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៃប្រទេស ទំាងពីរឲ្យរឹងមាំថែមទៀត ។
សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់លោកឯកអគ្គរដ្ឋទូត ជួយសហការជាមួយបណ្តាស្ថាប័នក្រសួង មន្ទីរ ខេត្ត ក្រុងនានា ជាពិសេសខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ សំដៅរួមគ្នាអភិវឌ្ឍន៍ និងកសាងវិបុលភាព ជូនប្រជាជាតិនៃប្រទេសទាំងពីរ ក៏ដូចជា រួមគ្នាថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនទំាងសងខាង។


