Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសបានអះអាងថា ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ កាលពេលថ្មីៗកន្លងមកនេះ នឹងរឹតត្បិតថែមទៀតលើសិទ្ធិសេរីភាព ក្នុងការសម្តែងមតិនៅកម្ពុជា។

យ៉ាងណាក្តីការលើកឡើងនេះ ត្រូវបានលោក សុខ ឥសាន អះអាងថា ការធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ គឺជាការពង្រឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបនយោ បាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

លោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២៣ កុម្ភៈយ៉ាងដូច្នេះថា តើហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ត្រូវការបង្កើត "ច្បាប់ស្តីពីការដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ" ដែលច្បាប់នេះ នឹងរឹតត្បិតថែមទៀត សិទ្ធិសេរីភាព ក្នុងការសម្តែងមតិនៅប្រទេសកម្ពុជា។

លោកបញ្ជាក់ថា ដោយសារតែរបប ហ៊ុន សែន ត្រូវការស្វែងរកភាពស្របច្បាប់មួយ (Legitimacy) ដែលងាយស្រួលយកមកបង្ហាញជាងគេ គឺការអះអាងថា ខ្លួនជាអ្នកការពារព្រះមហាក្សត្រ ដែលមិនហ៊ានមានព្រះបន្ទូលអ្វីឡើយ។ តាមការពិតភាពស្របច្បាប់ ដែលមានតម្លៃពិតប្រាកដតែមួយគត់ គឺភាពស្របច្បាប់ ដែលបានមកពីការគាំទ្រពីប្រជារាស្ត្រ កំពុងតែត្រូវបាត់បង់ ដោយសារការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ការកម្ចាត់គណបក្សប្រឆាំង និងសង្គមស៊ីវិល និងការរៀបចំការបោះឆ្នោតមួយ ដែលជាការបោះឆ្នោតក្លែងក្លាយលេងសើច នៅឆ្នាំ ២០១៨ នេះ។

លោក បន្តថា ការបោះឆ្នោតក្លែងក្លាយលេងសើចនេះ នឹងធ្វើឲ្យសហគមន៍ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យក្នុងពិភពលោក ថ្កោលទោសរបប ហ៊ុន សែន កាន់តែខ្លាំងឡើងទៀត។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ គឺជាការពង្រឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា  ព្រោះព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

លោកបន្តថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាង១៥លាននាក់តម្កល់ព្រះមហាក្សត្រជាបុរសរដ្ឋដ៏កំពូលរបស់ជាតិខ្មែរ ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត។ ដូច្នេះចាំបាច់ត្រូវមានច្បាប់ដាក់ទោសទ័ណ្ឌទៅលើជនណា ដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រ។ ការប្រមាថអង្គព្រះមហាក្សត្រ ក៏ចាត់ទុកថា ជាការប្រមាថប្រជាជនកម្ពុជាទូទាំងប្រទេសដែរ។

លោកគូសបញ្ជាក់ថា បើប្រមាថប្រជាជនទូទាំងប្រទេស មានន័យថា ជាការប្រមាថដល់លទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជាដែរ។ ដូច្នេះគំនិតទាំងឡាយដែលផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងរំលោភលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត បាននឹងកំពុងកាន់អំណាចមិនអាចទទួលយកបានជាដាច់ខាតចំពោះបណ្តាជន ដែលចង់ប្រមាថព្រះមហាក្សត្រ និងរំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ជាមួយគ្នានោះដែរលោកក៏បានលើកឡើងថា នៅកម្ពុជា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយ៉ាងទូលំទូលាយ ដូចមានចែងនៅក្នុងមាត្រា៣១ និងមាត្រា៤១ ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ ការបើកទូលាយសិទ្ធិខាងការបញ្ចេញមតិ ត្រូវបានជនមួយចំនួននៅតែវាយប្រហារថា នៅមានការបិទសិទ្ធិសេរីភាពខាងការបញ្ចេញមតិនេះដដែល។ ក៏ប៉ុន្តែសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅប្រទេសណាក៏មានព្រំដែនរបស់វាដែរ មិនដែលមានតែសិទ្ធិ ហើយអត់ព្រំដែននោះទេ។  ជាក់ស្តែង នៅប្រទេសម៉ាឡេស៊ី គ្រាន់តែគូររូបត្លុកកំប្លែងចំអក ប៉ះពាល់ដល់កិត្តិយស នាយករដ្ឋមន្ត្រី ក៏ត្រូវតុលាការកាត់ទោសឲ្យជាប់គុក១ឆ្នាំ និងពិន័យជាប្រាក់ ជាង ៧៧០០ដុល្លាអាមេរិកដែរ កុំជោរ។ ដូច្នេះ រដ្ឋធម្មនុញ្ញបើកទូលាយប៉ុណ្ណា អនុវត្តប៉ុណ្ណោះទៅ ហើយបើច្បាប់ហាមប៉ុណ្ណា​ ត្រូវអនុវត្តទៅ ទើបវាត្រឹមត្រូវ និងគ្មានទុក្ខដល់ខ្លួន។

ច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៤ កុម្ភៈ ដោយសំឡេង១២៣ នៃចំនួនសមាជិកសភាដែលចូលរួមទំាងអស់ ហើយព្រឹទ្ធសភា អនុម័តច្បាប់នេះ នៅថ្ងៃទី២១ កុម្ភៈ ដោយសំឡេង ៤៥ នៃចំនួនសមាជិកចូលរួម៥២រូប។ ច្បាប់នេះបានដាក់ទោសអ្នកជេប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រទោះដោយប្រយោល និងផ្ទាល់ក្តី។ ចំណែកសេចក្តីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌវិញ ធ្វើឡើងក្នុងគោលបំណងធានា លើកស្ទួយ និងការពារព្រះចេស្តា និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ ដែលព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចកម្ពុជា  ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរគ្រប់ៗរូប។ ការប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវកំណត់ជាទោសព្រហ្មទណ្ឌ ដែលនឹងទទួលទោសពី១ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលដល់១០លានរៀល និងចំពោះនីតិបុគ្គលពី១០លានរៀលទៅ៥០លានរៀល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor