Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ​ ស្ត្រីម្នាក់ធ្លាក់ឈាមរហូតដល់ស្លាប់ ក្រោយពេលដឹកបញ្ជូនទៅដល់មន្ទីពេទ្យកន្លះម៉ោង​ បន្ទាប់ពីចូលសម្រាលកូននៅមណ្ឌលសុខភាព កាលពីវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រភពបានឲ្យដឹងថា ក្រោយពេលសម្រាលបានកូនភ្លោះ២នាក់​ ស្រ្តីដែលគេអះអាងថា​ ជាជនជាតិឡាវ​ បានស្លាប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីដឹកបញ្ជូនមកពីមណ្ឌលសុខភាព​ វរៈជ័យ​ នៅក្នុងភូមិវើនសៃ​ ឃុំវើនសៃ​ ស្រុកវើនសៃ​ ខេត្តរតនគិរី​។​

អធិការនគរបាលស្រុកវើនសៃ​ លោក​ ទឺ​ នូថង​ នៅព្រលប់ថ្ងៃកើតហេតុខាងលើ បានប្រាប់ភ្នាក់ងារ​ Cam Post ថា​ ជនរងគ្រោះដែលសម្រាលកូនហើយស្លាប់​ឈ្មោះ​ ចាន់​ នី​ អាយុ៣៦ឆ្នាំ​ មានទីលំនៅ​ភូមិថាឡាត់​ ឃុំសេសាន​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង​។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី​ លោក​ ហុីង​ ថានសគន្ធា បានប្រាប់ Cam Post នៅព្រលប់ថ្ងៃទី២៣ ខែកុម្ភៈនេះ ដែរថា​ នារីរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនមកដល់មន្ទីពេទ្យបង្អែកកន្លះម៉ោង​ គឺកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈនេះ​។ ទោះជាបែបនេះក្តី លោកវេជ្ជបណ្ឌិតមិនបានបរិយាយពីសំណងជូនដល់ជនរងគ្រោះនោះទេ​ គ្រាន់តែដឹងថា​ ជនរងគ្រោះត្រូវបានគេដឹកចេញពីមន្ទីរពេទ្យ ហើយយកទៅធ្វើបុណ្យ និងបូជារួចហើយដែរ។

តាមសេចក្តីរាយការណ៍​ មុនពេលកើតហេតុ​ នារីរងគ្រោះបានមកលេងផ្ទះឪពុកម្តាយនៅស្រុកវើនសៃ​។ គាប់ជួនពេលនោះ នាងក៏បានឈឺពោះសម្រាលកូន​ ហើយស្វាមីរបស់នាងបានបញ្ជូននាងទៅមណ្ឌលសុខភាព​ វរៈជ័យ​ ក្បែរនោះ។​ បន្ទាប់មកនាងក៏សម្រាលបានកូនភ្លោះ២នាក់​ ប៉ុន្តែអ្វីដែលអកុសល​នោះ គឺនាងបានហូរឈាមធ្លាក់ខ្លាំង​ រហូតធ្វើឲ្យសាច់ញាតិដឹកបញ្ជូននាងបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត​ តែសោកស្តាយបំផុត នាងបានបាត់បង់ជីវិតទៅហើយ ​ក្រោយពេលសង្រ្គោះបានកន្លះម៉ោង។

រហូតមកទល់នឹងយប់ថ្ងៃទី២៣ ខែកុម្ភៈ​នេះ​ អ្នកនាំពាក្យក្រសួងសុខាភិបាល​ លោក​ លី​ សូវ៉ាន់​ មិនបានលម្អិតរឿងស្រ្តីជនជាតិឡាវសម្រាលកូនស្លាប់ក្នុងមន្ទីរពេទ្យនោះទេ​ ដោយលោកបញ្ជាក់​ប្រាប់ Cam Post ថា​ លោកមិនទាន់ជ្រាបរឿងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor