Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចបានដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការកំណត់មុខសញ្ញា ដើម្បីឈានទៅចាប់ខ្លួនជនសង្ស័យ និងបក្ខពួក បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្លន់ម្ចាស់ហាងកាហ្វេមួយកន្លែង នាយប់ថ្ងៃសុក្រនេះ ផ្អើលអស់សមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចខណ្ឌជ្រោងចង្វារ ឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធ ដែលធ្វើឲ្យផ្អើលអស់ទឹកដីខណ្ឌនេះ បានកើតឡើងនៅវេលាម៉ោង៨៖១៥នាទីយប់ ហើយរហូតមកទល់ហ្នឹងម៉ោង១១យប់នេះ កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាហើយ ហើយសមត្ថកិច្ចក៏កំពុងដុតដៃដុតជើងក្នុងការរុករកជនបង្កអសន្តិសុខក្នុងសង្គម មកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។

បើតាមសមត្ថកិច្ច ជនសង្ស័យខាងលើ មានរាងស្គម មុខជ្រុង សម្បុរស្រអែម កម្ពស់ប្រហែល១.៦៥ម៉ែត្រ។ ជនសង្ស័យមិនធ្វើសកម្មភាពម្នាក់ឯងទេ ពោល គឺមានបក្ខពួកម្នាក់ នៅចាំបិទគូថនៅខាងក្រៅហាងកាហ្វេ ដែលជាកន្លែងកើតហេតុ។ ករណីនេះ ជនសង្ស័យបានប្លន់យកនូវទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រួមមាន ម៉ូតូ១គ្រឿងម៉ាក ហុងដា Sh ស៊េរីឆ្នាំ២០១៦ ពណ៍ស ស្លាកលេខ 1GJ-8157 ទូរស័ព្ទដៃមួយគ្រឿងម៉ាក សាមសុង និងប្រាក់ចំនួន២២០.០០០រៀល។

ដោយឡែក ជនរងគ្រោះមានឈ្មោះ លឹម ខេងហួរ ភេទស្រី អាយុ៣៨ឆ្នាំ ម្ចាស់ហាងកាហ្វេ មានទីលំនៅស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនរងគ្រោះកំពុងដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌជ្រោយចង្វារ។

តាមវិដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យបានចូលទៅក្នុងហាងកាហ្វេក្នុងបំណងទិញភេសជ្ជៈ។ បន្ទាប់ពីឃើញឱកាសល្អ ជនសង្ស័យក៏ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកលុយ ទូរស័ព្ទរបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿងទៀត ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងតាមក្រោយ។

គួរបញ្ជាក់ថា តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា​ នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានការភ្ញាក់ផ្អើលពីករណីក្រុមចោរចូលប្លន់ក្នុងហាងកាហ្វេ WRING CAFE ដោយយកម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង រួមទាំងលុយមួយចំនួនទៀត ហើយជិះគេចខ្លួនដោយសុវត្ថិភាព។

ទីតាំងកើតហេតុ នៅចំណុចហាងយីហោ WRING CAFE ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។ ក្រោយការភ្ញាក់ផ្អើលខ្លាំង ទើបកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ចុះអន្តរាគមន៍នៅកន្លែងកើតហេតុ និងឈានទៅកំណត់មុខសញ្ញា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor