Sponsor
រិទ្ធី

ចរចាក៏ខុសមិនចរចាក៏មិនអាចដោះស្រាយបញ្ហាបានដែរ! អ្នកដែលនិយាយថា លោក សម រង្ស៊ី ធ្វើនយោបាយចាញ់បោកលោក ហ៊ុន សែន ឬ ធ្វើនយោបាយលេងៗ គឺជាការយល់ច្រឡំធំណាស់ បើសិនលោក សម រង្ស៊ី ចាញ់បោកលោក ហ៊ុន សែន មិនមែនគណបក្សរបស់លោក សម រង្ស៊ី ដែលមានតាំងពីម្នាក់រហូតដល់រាប់សិបនាក់ និងដែលលោក ហ៊ុន សែន យល់ថា អាចឈ្នះគាត់បាន សម្រេចរំលាយគណបក្សរបស់លោក សម រង្ស៊ី ទៅវិញទេ និងបើលោក សម រង្ស៊ី ធ្វើនយោបាយលេងៗ លោកមិនមែនត្រាំត្រែង       តស៊ូនយោបាយតាំងពីមានតំណែងជារដ្ឋមន្ត្រីរហូតដល់គេបណ្តេញចេញ រួចមកធ្វើបក្សប្រឆាំងជាងម្ភៃឆ្នាំនេះទេ បើលោកធ្វើនយោបាយលេងៗ លោកប្រហែលរួមសុខជាមួយគេហើយ មិនមែនរួមទុក្ខធ្វើអ្នកតស៊ូទេ។ នេះជាការលើកឡើងរបស់កញ្ញា ស៊ិន ពៅចាន់រ៉ូហ្សេត អតីតចៅសង្កាត់អូរចារ។

កញ្ញា ស៊ិន ពៅចាន់រ៉ូហ្សេត បញ្ជាក់ថា៖ បើលោក សម រង្ស៊ី ចរចា ក៏មានអ្នកចោទថាខុស តែបើមិនចរចាក៏មិនអាចដោះស្រាយបញ្ហាអ្វីបានដែរ សម្រាប់មនុស្សនៅក្នុងក្រុមដែលកំពុងចោទ សម រង្ស៊ី ថាធ្វើនយោបាយទប់ជើងគ្រែ ពួកគេកំពុងតែព្រួយបារម្ភរឿងលោក សម រង្ស៊ី ស្នើរឿងចរចា ហើយកំពុងចោទ សម រង្ស៊ី ថាចរចាគឺ ធ្វើឱ្យបក្សកាន់អំណាចបន្តអំណាចតទៅទៀត គឺពួកគេថា បើចរចាអ្នកចំណេញគឺបក្សកាន់អំណាច។ តែអ្វីដែលក្រុមនោះគួរគិតហេតុអ្វីលោកនាយករដ្ឋមន្ត្រីមិនព្រមចរចាជាមួយលោក សម រង្ស៊ី ទៅព្រោះបើចរចាអ្នកចំណេញគឺបក្សប្រជាជនទេតើ?
អ៊ីចឹងសម្រាប់កញ្ញាយល់ឃើញថា ការចរចាដែលក្រុមក្នុងបក្សសង្គ្រោះជាតិនេះចោទលោក សម រង្ស៊ី គឺមានចេតនាស្អប់បុគ្គលលោក សម រង្ស៊ី ជាជាងគិតពីផលប្រយោជន៍ជាតិពិតប្រាកដ។ ការចរចាសម្រាប់បក្សប្រឆាំង គឺពិតជាបង្ហាញថា ផលពីការចរចា គឺទទួលបានតិចជាងបក្សកាន់អំណាច តែយើងម្នាក់ៗសួរថា បើយើងជាបក្សកាន់អំណាចតើអោយបក្សប្រឆាំងមានប្រៀបជាងឬទេ? ផ្ទុយទៅវិញបើបក្សប្រឆាំង និងបក្សកាន់អំណាចចរចាគ្នា ទោះបីភាគីណាទទួលបានផលពីការចរចាតិចឬច្រើនសុទ្ធតែចំណេញទាំងអស់គ្នាក្នុងពេលបច្ចុប្បន្ន។ ចុះបើមិនចរចា តើនរណាជាអ្នករងគ្រោះ? តែគួរអោយសោកស្តាយមកដល់ម៉ោងនេះ ការចរចាមិនទាន់បានលេចចេញនៅឡើយ តែមានមនុស្សមួយចំនួនកំពុងភ័យ ថាបើចរចា គឺមិនមែន សម រង្ស៊ី ជាអ្នកចរចាទេ ព្រោះ សម រង្ស៊ី មិនមែនជាប្រធានបក្ស បក្សកាន់អំណាចមិនទាន់សម្រេចយ៉ាងណាផង តែឯងនេះវិញភ័យរឿងមនុស្សទៅចរចាទៅហើយ មិនខុសពី ”មិនទាន់មានគ្រឿងផ្សំនៃសម្លអស់ផង តែឯងដេកភ័យរឿងខ្លាចអត់មានអ្នកស្ល ឬអ្នកញុំាទៅហើយ ..!

ម្ចាស់អាហារដ្ឋានរ៉ូហ្សេតអះអាងថា៖ ខ្ញុំជាអ្នករស់នៅក្នុងស្រុកយល់ឃើញថា លោក សម រង្ស៊ី ស្នើឱ្យមានការចរចាគឺល្អបំផុតនាពេលបច្ចុប្បន្ននេះ ហើយលោក សម រង្ស៊ី ជាអ្នកចរចា ព្រោះលោកមានទិសដៅគិតតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយសក្តិសមបំផុត បើលោក សម រង្ស៊ី ចរចា ចែកអំណាចដូចបុគ្គលមួយចំនួនបានលើកឡើង ខ្ញុំគិតថាបក្សកាន់អំណាចប្រហែលជាចេញនូវសារសំលេងហើយ ព្រោះលោក សម រង្ស៊ី មិនមែនជាបុគ្គលដែលមិនដែលធ្លាប់ចរចានោះឡើយ ដូច្នេះទាំងពលរដ្ឋនិងសកម្មជន នៅមូលដ្ឋានពិតជាសាទរនូវវត្តមានរបស់លោក សម រង្ស៊ី ដែលតែងការពារ លះបង់ ដើម្បីគណបក្ស សង្គ្រោះជាតិ និងទិសដៅជាវិជ្ជមានដែលនាំមកនូវការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតនាឆ្នាំ ២០១៨ ខាងមុខនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor