
ភ្នំពេញៈ យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងមុននេះថា នៅវេលាម៉ោង៦ និង៥៥នាទីព្រឹក ម៉ោងនៅម៉ាលី ដែលត្រូវនឹងម៉ោង១ និង៥៥នាទីរសៀល ម៉ោងនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ មានករណីបំផ្លោងគ្រាប់ចំនួន៣គ្រាប់ ត្រូវចំស្នាក់ការរបស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ២ខ្នង នៅតំបន់ Kidal ប្រទេសម៉ាលី បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ករណីនេះ មិនបានបង្កឲ្យកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ របស់កម្ពុជាដែលកំពុងបំពេញការងារនៅតំបន់នោះ រងរបួសនោះទេ។
រហូតដល់ពេលនេះ ស្ថានការណ៍នៅកន្លែងកើតហេតុ មានភាពប្រក្រតីឡើងវិញហើយ។ ជាមួយគ្នានេះ កម្លាំងយើងកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណ នៃការវាយប្រហារខាងលើផងដែរ។
សម្រាប់ព័ត៌មានបន្ថែម យើងនឹងរាយការណ៍ជូននៅពេលក្រោយទៀត៕
