
ភ្នំពេញ៖ ប្រទេសនូវែលហ្សេឡង់ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ តំណាងឲ្យ ប្រទេស៤៥ ដោយបានជម្រុញឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាកែប្រែស្ថានភាពដ៏អាក្រក់នាពេលបច្ចុប្បន្នអោយវិលត្រលប់រកស្ថានការណ៍នយោបាយឡើងវិញ ដើម្បីឲ្យដំណើរការបោះឆ្នោតជាតិ នាថ្ងៃទី ២៩កក្កដា ឆ្នាំ ២០១៨ខាងមុខ ប្រព្រឹត្តិទៅប្រកបដោយសេរី និងយុត្តិធម៌និងមានការទទួលស្គាលពីអន្តរជាតិ។ ក្នុងនោះ ប្រទេសទាំង ៤៥ ក៏បានស្នើផងដែរ ឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលពួកគេចាត់ទុកថាជាដើមចមនៃការរំលាយគណបក្សសង្គ្រោះជាតិនិងការហាមប្រាមអ្នកនយោបាយមកពីគណបក្សង្រ្គោះជាតិចំនួន១១៨នាក់មិនអោយធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ការថ្លែងបែបនេះរបស់ប្រទេសណូវែលសេឡង់ខណៈពេលនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី ៣៧ ដែលធ្វើឡើងនៅទីក្រុង ហ្សឺណែវកាលពី ថ្ងៃទី ២១មីនា ២០១៨ម្សិលមិញនេះ។


យោងតាមសេចក្តីថ្លែងការណ៍រួមនេះ រដ្ឋាភិបាលកម្ពុជាគួរតែបន្ធូរបន្ថយភាពតានតឹងនយោបាយឡើងវិញ និងបានលើកឡើថា ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាកន្លងមក ដូចជាប្រើប្រព័ន្ធតុលាការដើម្បីរំលាយគណបក្សប្រឆាំង បំបិតសេរីភាពអង្គការសង្គមស៊ីវិល និងសារព័ត៌មាននៅកម្ពុជា គឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ការអនុវត្តសិទ្ធិមនុស្សជាសកល។
គួបញ្ចាក់ថាការចេញសេចក្ដីថ្លែងការព្រួយបារម្ភរបស់ប្រទេសទាំង ៤៥ បានធ្វើឡើង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្រុមបេសសកម្មពិសេស និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។ បើតាមការសង្កេតរបស់លោកស្រី រ៉ូណា ស្មីត បានបញ្ជាក់ថា ប្រទេសកម្ពុជាបានមកដល់ផ្លូវបំបែកដ៏សំខាន់មួយ ហើយត្រូវតែចាប់យកសិទ្ធិមនុស្សដែលចាំបាច់មិនអាចខ្វះបានក្នុងការទ្រទ្រង់ដល់ការអភិវឌ្ឍ និងសន្តិភាព ដែលរកបានដោយពិបាក។


ការចេញសេចក្ដីថ្លែងការណ៏របស់ប្រទេសទាំង៤៥នេះត្រូវបានច្រានចោលដោយ លោក ណី សំអុល ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ។ លោកឯកអគ្គរាជទូតកម្ពុជាបានចាត់ទុកថា សេចក្តីថ្លែងការណ៍នេះ ថាមានចរឹតនយោបាយបង្កប់ទៅដោយបំណងអាក្រក់ ដើម្បីរារាំងកិច្ចខិតខំរបស់រដ្ឋាភិបាលនៅក្នុងការការពារច្បាប់ រក្សាស្ថិរភាពសណ្ដាប់ប្រទេសជាពិសេសការពារសន្តិភាពដែករកបានដោយកម្រ៕











