header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយសារកម្លាំងពលកម្មមួយចំនួនធំ បានចេញទៅធ្វើការងារនៅក្រៅប្រទេស ធ្វើឲ្យខ្វះកម្លាំងពលកម្មនៅក្នុងស្រុកយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យប្រមុខរាជរដ្ឋាភិបាល មានការព្រួយបារម្ភ និងប្រឹងប្រែងរកយន្តការ ដើម្បីឲ្យពលករបានត្រឡប់មកធ្វើការងារនៅក្នុងស្រុកវិញ។

ទាក់ទិននឹងបញ្ហាកង្វះកម្លាំងពលកម្មនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ថ្មីៗនេះ មានពលករមួយចំនួន បានវិលត្រឡប់មកធ្វើការងារនៅក្នុងស្រុកវិញហើយ ដោយសារពួកគេមើលឃើញថា បច្ចុប្បន្ននេះ ប្រាក់ឈ្នួលនៅក្នុងស្រុកល្អ លក្ខខ័ណ្ឌការងារក៏ល្អ ប្រព័ន្ធសន្តិសុខសង្គមក៏កាន់តែល្អ ធ្វើឲ្យការជ្រើសរើស និងបញ្ជូនពលករទៅក្រៅប្រទេស មានបញ្ហាពិបាកក្នុងការជ្រើសរើសផងដែរ។

លោករដ្ឋមន្រ្តីបន្ថែមថា ចំពោះការសម្រេចចិត្តរបស់បងប្អូនប្រជាពលរដ្ឋ យើងមិនមានការហាមឃាត់ទេ គឺទុកលទ្ធភាពឲ្យគាត់ពិនិត្យ ពិចារណា និងសម្រេចដោយខ្លួនឯង ដោយស្ម័គ្រចិត្ត។ រាជរដ្ឋាភិបាលមិនបង្ខំ ឬជំរុញនោះទេ បើគាត់សម្រេចចិត្តបែបណា នោះយើងនឹងគោរពតាមការសម្រេចចិត្តនោះ បើគាត់សម្រេចយកការចេញទៅក្រៅប្រទេស រដ្ឋាភិបាលនឹងរៀបចំបែបបទនិតិវិធីបញ្ជូនគាត់ទៅ ហើយតាមការពារដូចដែលបានផ្តល់សេវាជូននាពេលបច្ចុប្បន្ននេះស្រាប់។

លោក អ៊ិត សំហេង បញ្ជាក់ថា បើទោះជានៅក្នុងស្រុកមានការខ្វះកម្លាំងពលកម្មយ៉ាងណាក៏ដោយ ប៉ុន្តែកូតាពីប្រទេសកូរ៉េ ហុងកុង ជប៉ុន ម៉ាឡេស៊ី  និងប្រទេសថៃ ក៏នៅតែមានជាធម្មតា។

ដោយឡែក ទាក់ទិននឹងការនាំចេញផ្នែកវាយនភណ្ឌកាត់ដេរវិញ លោករដ្ឋមន្រ្តី ក៏បានអះអាងថា ការបញ្ជាទិញពីទីផ្សារធំៗ ឬពីក្រុមហ៊ុនធំៗ គឺពេញទាំងអស់ ព្រោះលោកបានជួបជាមួយរោងចក្រ ដែលផលិតសម្រាប់ផ្គត់ផ្គង់ការនាំចេញ បានឲ្យដឹងថា មកដល់ពេលនេះ ការបញ្ជារទិញពេញ ហើយបានពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ។ ដូច្នេះ សម្រាប់ឆ្នាំ២០១៨ រំពឹងថា ការនាំចេញនូវផ្នែកវាយនភណ្ឌកាត់ដេរ នឹងមានកំណើនថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post