
កញ្ញា លី ចាន់វត្តី ហៅនាង តូច បានលើកឡើងថា៖ ថៃ ស្នើដាក់ល្ខោនខោល ចូលបេតិកភណ្ឌពិភពលោក ឡាវ ស្នើដាក់ចង្វាក់រាំវង់ ចូលបេតិកភណ្ឌពិភពលោក យួន លួចរំកិលបង្គោលព្រំដែនចូលដីខ្មែរ។ ខាងលិចក៏បាត់ ខាងកើតក៏បង់ ទាំងដែនដីកោះ ដែនដីគោក រងការឈ្លានពាន ឥតឈប់ឈរ មិនត្រឹមតែប៉ុណ្ណោះមានទាំងចោរឈ្លៀតប្លន់ វប្បធម៌ ទៅទៀត។
យុវតីអតីគណបក្សសង្គ្រោះជាតិ បានសួរថា៖ តើចុងក្រោយកូនខ្មែរនៅសល់អ្វី? ប្រវត្តិសាស្រ្តខ្មែរមានតែការឈ្លោះគ្នា មានតែសង្គ្រាមផ្ទៃក្នុង រាប់រយឆ្នាំ រហូតដល់បច្ចុប្បន្ននៅតែបែបនេះ ខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំឈឺចាប់ណាស់។
កញ្ញាបានរៀបរាប់ថា៖ ប្រជាជនគេ(បរទេស)ហូរចូលក្នុងប្រទេសរាល់ថ្ងៃ ឯប្រជាជនខ្មែរហូរចេញពីប្រទេសរាល់ ថ្ងៃ។ វប្បធម៌ អរិយធម៌ខ្មែរបាត់បង់រាល់ថ្ងៃ ឯវប្បធម៌ អរិយធម៌បរទេសរីករាលដាលរាល់ថ្ងៃ។ បរទេសឈរសើច សប្បាយនឹងកើបយក ប្លន់យកកេរដំណែលរបស់ខ្មែររាល់ថ្ងៃស្ទើបាត់បង់គ្មានសល់។ ឯថ្នាក់ដឹងនាំខ្មែរឈ្លោះតែគ្នា រកល្បិចកិចកលបំផ្លាញគ្នារាល់ថ្ងៃ លែងខ្វល់ពីជាតិ លែងខ្វល់ពីអ្វីទាំងអស់ ខ្លាចតែបាត់បង់អំណាចតែមួយមុខ។ ឯកូនខ្មែររវល់តែឈ្លក់វង្វេង នឹងល្បែង ស្រី ស្រា គ្រឿងញៀនគ្រប់ទីកន្លែង។ តើប្រទេសជាតិខ្ញុំនឹងទៅជាយ៉ាងណាទៅ?
ចុងក្រោយកញ្ញា លី ចាន់វត្តី សូមផ្តាំទៅខ្មែរគ្រប់រូប សូមភ្ញាក់រលឹកឡើង ងាកមកគិតគូរ តាមដាន កុំធ្វេសប្រហែលតទៅទៀតអី ខ្មែររលាយ ឬរីកចម្រើនគឺអាស្រ័យលើខ្មែរខ្លួនឯងទេ គ្មានបរទេសណាមកជួយយើងទេ បើយើងមិនខំប្រឹងខ្លួនឯង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ មានកិច្ចប្រជុំមួយដឹកនាំដោយលោក Bouangern Xaphouvong ដែលជាអនុរដ្ឋមន្ដី្រក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ប្រទេសឡាវ បានអនុញ្ញាតឲ្យអ្នកតំណាងពីផ្នែកពាក់ព័ន្ធនានា រៀបចំកិច្ចការផ្សេងៗក្នុងការស្នើសុំដាក់ចង្វាក់រាំដ៏ល្បីឈ្មោះមួយរបស់ប្រទេសឡាវ គឺចង្វាក់ ឡាំវង់ ដែលកម្ពុជា និងថៃហៅថា រាំវង់ ឯថៃហៅថា Ramwong ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ ក្នុងបញ្ជីអង្គការ UNESCO។


