
កំពង់ធំ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក PaJiro បើកបួរដោយបុរសវ័យចំណាស់ បានបើកបុកម៉ូតូរបស់គាត់ម៉ាកវេវអាល់ហ្វា គ្មានស្លាកលេខ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោងជាង០១រសៀល ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។


បើតាមសាក្សី ដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត PaJiro ព័ណស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២A ៧៤១៦ បើកបរដោយឈ្មោះ ទេព តូនី ភេទប្រុស អាយុ ៧៤ ឆ្នាំ មានទីលំនៅនៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកជាមួយម៉ូតូ ម៉ាកវេវអាល់ហ្វា គ្មានស្លាកលេខ ដែលបើកបញ្ជ្រាសទិសគ្នា ដោយឈ្មោះ ជឿន ជាង ភេទប្រុស អាយុ ៤៤ រស់នៅភូមិ ស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ រីឯម្ចាស់រថយន្តរងរបួសធ្ងន់។



ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញបានសន្និដ្ឋានបឋម ក្រោយពីធ្វើការវាស់វែងឃើញថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក PaJiro ពាក់ស្លាកលេខភ្នំពេញ ២A ៧៤១៦ បើកបរមិនប្រកាន់ស្តាំ បានបើកទៅបុកម៉ូតូដែលជិះបញ្ជ្រាសទិសគ្នានៅផ្លូវអាទិភាពរបស់ខាងម៉ូតូ បណ្តាលឲ្យស្លាប់តែម្តង ហើយសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងសមត្ថកិច្ច បានប្រមូលនិងហៅរថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕






