
បន្ទាយមានជ័យៈ មនុស្សប្រមាណជិត១០នាក់ ត្រូវបានគេរាយការណ៍ថា ខ្លះស្លាប់ ខ្លះរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា កាលពីព្រឹកមិញ។
បើតាមរបាយការណ៍របស់មន្រ្តីប៉ូលិស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចរាចរណ៍ដ៏រន្ធត់នេះ បណ្ដាលមនុស្ស៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីពួកគេបានរងគ្រោះថ្នាក់នៅក្នុងហេតុការណ៍រថយន្ត២គ្រឿងបុកគ្នាកាលពីម៉ោង១០និង១៥នាទីព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៥៨អា ក្នុងភូមិក្កិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

របាយការណ៍ដដែល បានបង្ហាញទៀតថា មុនដំបូងរថយន្តហាយឡែនឌ័រ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សឿន សាមឿន ភេទប្រុស ធ្វើដំណើរពីត្បូងមកជើង តាមបណ្ដោយផ្លូវជាតិលេខ៥៨អា គ្រានោះស្រាប់តែមានរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 2A-0286 បើកបញ្ច្រាសទិសគ្នា បន្ទាប់មកក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតខ្ទេចស្ទើរទាំងស្រុង ចំណែកមនុស្សដេកដួលរណូលរណែលពេញផ្លូវ ខ្លះស្លាប់ ខ្លះរបួស។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍នោះ មានស្លាប់៣នាក់ របួស៤នាក់ ទី១ឈ្មោះ សៀង សារិន ភេទស្រី អាយុ៦០ឆ្នាំ (ស្លាប់) ទី២ ឈ្មោះ ហ៊ុយ ឆៀរ ភេទប្រុស អាយុ៦០ឆ្នាំ របួសធ្ងន់ ទី៣ ឈ្មោះ ដើង ភេទស្រី អាយុ៥៨ឆ្នាំ ស្លាប់ ទី៤ ឈ្មោះ ពេជ្រ ចារ៉ាក់ ភេទប្រុស អាយុ១០ឆ្នាំ ស្លាប់ ទី៥ឈ្មោះ ពេជ្រ ចារិទ្ធ ភេទប្រុស អាយុ១ឆ្នាំងកន្លះ របួសធ្ងន់ និងអ្នកបើកបររថយន្តហាយឡែនឌ័រឈ្មោះ សឿន សាមឿន ភេទប្រុស អាយុ៥៣ឆ្នាំ របួសធ្ងន់។ ចំណែកអ្នកបើករថយន្តកាមរី មិនទាន់ស្គាល់ឈ្មោះនៅឡើយ៕



