header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សហភាពអឺរ៉ុប (EU) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅតែបន្តការបង្ហាញអំពីការព្រួយបារម្ភរបស់ខ្លួនចំពោះស្ថានភាពនយោបាយនៅកម្ពុជា និងបានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិជាបន្ទាន់។

ការទាមទារឲ្យមានការដោះលែង លោក កឹម សុខា ពីសំណាក់សហភាពអឺរ៉ុបនេះ មិនមែនជាលើកទី១នោះទេ គឺមានច្រើនដងមកហើយ បន្ទាប់ពីលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាប់ពាក់ព័ន្ធអំពើក្បត់ជាតិមានបរទេសនៅពីក្រោយ។

ហ្វេសប៊ុករបស់លោក កឹម សុខា បានបង្ហោះសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ នៅព្រឹកថ្ងៃ១៥ មីនា ថា សហភាពអឺរ៉ុបនៅតែព្រួយ​បារម្ភយ៉ាងជ្រាលជ្រៅ អំពីការបន្តធ្លាក់ដុនដាបធ្ងន់ធ្ងរ នៃស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងការសង្កត់សង្កិនរិតតែខ្លាំងឡើងទៅលើអតីតគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។

សេចក្តីថ្លែងការណ៍បន្តថា សហភាពអឺរ៉ុបបញ្ជាក់ជាថ្មី នូវការទាមទារឲ្យមានការដោះលែងជាបន្ទាន់នៃមេដឹកនាំគណបក្សប្រឆាំង កឹម សុខា។ ការរំលាយដោយបង្ខំនៃគណបក្សប្រឆាំងដ៏សំខាន់ គឺគណបក្សសង្រ្គោះជាតិ ជាជំហានដ៏សំខាន់មួយដែលឃ្លាតឆ្ងាយពីវិថីពហុនិយម និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានចែងកំណត់ក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា

សហភាពអឺរ៉ុបបញ្ជាក់ជាថ្មីថា ដំណើរការមួយដែលគណបក្សប្រឆាំងដ៏សំខាន់ត្រូវបានផាត់ចេញតាមទំនើងចិត្ត គឺ “មិនស្របច្បាប់ឡើយ”។ សហភាពអឺរ៉ុបបញ្ជាក់ជាថ្មី នូវការទាមទាររបស់ខ្លួនឲ្យមានការកែប្រែជាបន្ទាន់ចំពោះការរំលាយគណបក្សសង្រ្គោះជាតិ និងការស្តានីតិសម្បទាឡើងវិញនូវតំណាងរាស្រ្ត និងក្រុមប្រឹក្សាមូលដ្ឋានទាំងអស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post