
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នេះ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបន្តជួបជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា។ ប៉ុន្តែជំនួបនេះគ្រាន់តែជាការជួបសម្តែងការគួរសមប៉ុណ្ណោះ ចំណែក ជំនួបពិភាក្សាផ្លូវការដាច់ដោយឡែកមួយទៀត គឺលោកស្រី ជាមួយនឹង លោកឈាង វុន តំណាងឲ្យរដ្ឋសភា។ នៅក្នុងជំនួបប្រមាណជាមួយម៉ោងនេះ លោកឈាង វុន បានប្រាប់លោកស្រី រ៉ូណា ស្មីត ថាការបែងចែកកៅអីរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) គឺដើម្បីឲ្យរដ្ឋសភាគ្រប់លក្ខណៈ បើពុំដូច្នោះទេជាតិខ្មែរនឹងស្លាប់ពុំខាន។
លោក ឈាង វុន អ្នកតំណាងរាស្រ្តខេត្តបាត់ដំបង របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានសម្តេច ហេង សំរិន ចាត់តាំងឲ្យធ្វើជាតំណាងរដ្ឋសភាកម្ពុជា ដើម្បីជួបជជែកផ្លូវការជាមួយលោកស្រីរ៉ូណា ស្មីត។ ក្រោយពីបញ្ចប់កិច្ចពិភាក្សានេះ លោកឈាង វុន បានអះអាងថា លោកស្រី រ៉ូណា ស្មីត បានសួរលោក៣ចំណុច គឺទី១៖ អំពីអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តខ្មែរ និងបទល្មើសជាក់ស្តែង ហើយទី២៖ អំពីការកែរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌដែលបើកផ្លូវឲ្យមានការដាក់ទោសទណ្ឌលើអ្នកដែលប្រមាថព្រះមហាក្សត្រ និងទី៣៖ សួរអំពីការបែងចែកអាសនៈនៅក្នុងរដ្ឋសភារបស់អតីតគណបក្សសង្រ្គោះជាតិ។
តំណាងរាស្ត្ររូបនេះ បានពន្យល់ទៅលោកស្រី រ៉ូណា ស្មីត ថា៖នៅកម្ពុជា ការបោះឆ្នោតគឺធ្វើឡើងតាមប្រព័ន្ធសមាមាត្រមិនមែនបោះឆ្នោតឲ្យបុគ្គលឡើយ។ ហេតុដូច្នេះហើយ ប្រសិនគណបក្សជាប់ឆ្នោតណាមួយត្រូវបានរំលាយ នោះអាសនៈរដ្ឋសភាក៏ត្រូវរលាយដូចគ្នាដែរ។ លោកបានអះអាងទៀតថា រដ្ឋសភាខ្មែរមិនអាចទុកចោលរបៀបនេះបានទេ ព្រោះថារដ្ឋសភានឹងមិនគ្រប់លក្ខណៈហើយបើកៅអីគ្មានមនុស្សអង្គុយ នោះជាតិខ្មែរនឹងស្លាប់។ ដើម្បីដោះស្រាយបញ្ហានេះ លោកឈាង វុនបាន ប្រាប់ទៅលោកស្រីរ៉ូណា ស្មីតថា ត្រូវតែពង្រឹងរដ្ឋសភាដែលជាតំណាងឲ្យលទ្ធិប្រជាធិបតេយ្យតាមរយៈការចែងចែកកៅអីរបស់គណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សផ្សេង។
សូមបញ្ជាក់ថា ដំណើរទសន្សកិច្ចផ្លូវការរបស់ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ខណៈពេលដែលស្ថានភាពនយោបាយនៅកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានការណ៍គួរឱ្យបារម្ភ។ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា នឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ស្អែកនេះ។ នៅរសៀលថ្ងៃនេះ លោកស្រីនឹងធ្វើសន្និសិទកាសែតមួយដូចសព្វមួយដងដែរ នៅការិយាល័យសិទ្ធិមនុស្ស អ.ស.ប (OHCHR)នៅក្នុងរាជធានីភ្នំពេញ មុនចាកចេញពីប្រទេសកម្ពុជា។