Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បើទោះបីទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានយ៉ាងណាក៏ដោយ ក៏សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ឲ្យក្រុមការងារចម្រុះមួយ បើកការស៊ើបអង្កេតបន្ថែមទៀត លើករណីហិង្សារហូតដល់ការផ្ទុះអាវុធ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នេះបើតាមការឲ្យដឹងពីលោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ ។

ការថ្លែងរបស់លោក ផាត សុផានិត យ៉ាងដូច្នេះត្រូវបានធ្វើឡើង កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក្រោយបញ្ចប់ជំនួបរវាងសម្ដេច ស ខេង ជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ។

នោក្នុងជំនួបនោះផងដែរ លោកស្រី រ៉ូណា ស្មីត បានសួរទៅសម្ដេច ស ខេង ថា តើមានទទួលបានព័ត៌មានបន្ថែមទៀតទេ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលបណ្ដាលឲ្យពលរដ្ឋ២នាក់ រងរបួសជុំវិញបញ្ហាដីធ្លី ?

លោក ផាត សុផានិត បានថ្លែងយ៉ាងដូច្នេះថា “ សម្ដេច ក៏ទទួលបានរបាយការណ៍បឋមមួយចំនួនដែរ ប៉ុន្ដែសម្ដេចបានចាត់ក្រុមការងារពីក្រសួងមហាផ្ទៃ មានទាំងខាងនគរបាល មានទាំងខាងអធិការកិច្ចទៅធ្វើការស្រាវជ្រាវបន្ថែម ទៅលើករណីដែលកើតឡើងនៅក្រចេះនេះ ហើយមកដល់ពេលនេះ សម្ដេចក៏មិនទាន់បានទទួលរបាយការណ៍ ពីក្រុមការងារដែលបញ្ជូនទៅនេះដែរ ហើយបើទទួលបានយ៉ាងណានោះ សម្ដេចនឹងធ្វើការបន្ដទៀត ” ។

សូមបញ្ជាក់ថា កាលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ មានអំពើហិង្សាមួយ បានផ្ទុះឡើងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ នៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ខណៈកម្លាំងសមត្ថកិច្ច អាជ្ញាធរព្យាយាមបំបែកប្រជាពលរដ្ឋ ដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ។ ការដែលប្រជាពលរដ្ឋនាំគ្នាបិទផ្លូវបានកើតឡើង បន្ទាប់ពីសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំរបស់ លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណង់តូចៗរបស់ពួកគាត់ ស្ថិតនៅក្នុងក្រុមហ៊ុន ចម្ការកៅស៊ូមេមត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor