
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នគរបាលជាតិ បានសម្រេចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទអតីតមេបក្សប្រឆាំងរូបនេះថា ក្បត់ជាតិ។
កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ ក្នុងពិធីសម្ពោធស្ពាននៅឯខេត្តកំពង់ចាម សម្តេច ហ៊ុន សែន បញ្ជាផ្ទាល់មាត់ទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ឲ្យបន្តស៊ើបអង្កេតលើលោក សម រង្ស៊ី ដោយលោកចោទអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះថា បានចុះហត្ថលេខាជាមួយលោក កុក ស និងសន្យាកាត់ខេត្តខ្មែរចំនួន ៤ ទៅឲ្យវៀតណា ប្រសិនបើបក្សប្រឆាំងឈ្នះការបោះឆ្នោតឈានទៅរៀបចំរដ្ឋាភិបាល ឆ្នា២០១៣។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេទៅកោះប៉ែន នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ បានថ្លែងថា ឥឡូវរកឃើញអ្នកដែលសន្យាកាត់ដីឲ្យវៀតណាម៤ខេត្ត នៅពេលដែលឈ្នះឆ្នោត ហើយរឿងនេះ មិនមែនជារឿងតូចទេ ខ្លួនឯងជាអ្នកសន្យាតែបែរជាមកចោទសម្តេចថា ជាអាយ៉ងវៀតណាម ជាអ្នកកាត់ទឹកដីឲ្យវៀតណាមទៅវិញ ។
សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា ក្រោយមានការលេចធ្លាយវិដេអូ លោក សម រង្ស៊ី លួចចរចាជាមួយជនជាតិម៉ុងតាញ៉ា ដោយសារភ័យពេកពួកគេបានរៀបចំជាឃ្លីបវិដេអូមួយចេញមកបកស្រាយ ប៉ុន្តែលោក កុក ស នោះមិនចេះភាសាខ្មែរមួយម៉ាត់ ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា៖ ឥឡូវចេញមកទទួលស្គាល់ហើយតើ អាឃ្លីបវិដេអូ ឯកសារហ្នឹងចុះហត្ថលេខាវាត្រឹមត្រូវហើយ ហើយ កុក ស មិនមែនជាខ្មែរផង បើអ្នកឯងជាខ្មែរ ម៉េចបានខ្មែរ នឹងចុះហត្ថលេខាជាមួយគ្នា៖ ។ សម្តេចតេជោ បានចាត់តាំងឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវលើករណីនេះ ឲ្យបានច្បាស់លាស់ ព្រោះរឿងនេះ ជារឿងក្តីធំ ជាអំពើក្បត់ជាតិ ហើយគ្មានអ្នកណាម្នាក់ មានសិទ្ធិកាត់ដីកម្ពុជា ឲ្យជនបរទេសទេ ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា៖ កាត់ដីឲ្យគេ(វៀតណាម) ៤ខេត្ត រឿងនេះមិនតូចទេ។ ក្រសួងមហាផ្ទៃកំពុងតែធ្វើកិច្ចការងារនេះស្រាវជ្រាវលលើសំណុំរឿងក្បត់ជាតិមួយថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំ ១តឹក ១ផឹង នៅចរចា នៅហ្នឹង ទាំងជាមួយថៃ ជាមួយវៀតណាម ជាមួយឡាវ នៅចរចានៅហ្នឹង ឯគេកាត់យ៉ាងស្រួល ៤ខេត្ត។ ទៅរកឃើញមុខហើយ អ្នកឯងចោទ ឥឡូវផុតពីចោទ ក្បត់ជាតិខ្លួនឯងរហូត។
ក្រោយពីបញ្ជានេះ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ បានសម្រេចដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងនឹងលោក សម រង្ស៊ី កាលពីរសៀលម៉ោង ៣ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
ក្នុងពាក្យបណ្ដឹងនោះ រៀបរាប់ថា៖ សំណើសុំបញ្ជូនសំណុំរឿង ០១ករណី ស្ដីពីអំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឲ្យជនបរទេស រវាងឈ្មោះ សម រង្ស៊ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ដោយយោងទៅលើឯកសារមួយចំនួនទៀតដែលគេផ្សព្វផ្សាយតាមបណ្តាញសង្គម រួមទាំងវីដេអូឃ្លីបនៅប្រព័ន្ធ YouTube ដែលបង្ហាញលោក សម រង្ស៊ី និយាយជាភាសារបរទេសអំឡុងកិច្ចប្រជុំនាពេលនោះ។
ប៉ុន្តែ លោក សម រង្ស៊ី បានបដិសេធការចោទប្រកាន់នេះ ដោយហៅការចោទប្រកាន់នោះថា ខុសពីការពិត និងបានថ្លែងវាយបកវិញថា អ្នកដែលកាត់ទឹកដីឲ្យទៅវៀតណាម គឺគណបក្សកំពុងគ្រងអំណាច។ អតីតប្រធានបក្សប្រឆាំងរូបនេះបានចោទត្រឡប់ទៅវិញថា៖ អ្នកដែលកាត់ទឹកដីប្រទេសកម្ពុជាឲ្យទៅយួនហ្នឹង តាមសន្ធិសញ្ញាព្រំដែន១៩៧៩ ១៩៨២ ១៩៨៥ តើអ្នកណាដែលចុះហត្ថលេខាកាត់ទឹកដីខ្មែរឲ្យទៅយួន យើងបាត់បង់កោះត្រល់ ដែលធ្វើឲ្យយើងខូចខាតផលប្រយោជន៍ជាតិយ៉ាងសន្ធឹកសន្ធាប់អ្នកហ្នឹងហើយដែលជាជនក្បត់ជាតិ អ្នកហ្នឹងហើយដែលកំពុងកាន់អំណាចសព្វថ្ងៃ។
