
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម ហុ៑ន ម៉ានី បានជួយស្រោចស្រង់ជីវិតប៉ួលីសក្លាហានដែលបាក់ដៃដោយសារជួយសង្គ្រោះអ្នកភ្លើងឆេះផ្ទះ នៅពេលទទួលព័ត៌មានពីករណីមានភ្លើងឆេះផ្ទះ។
កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ មានអគ្គិភ័យមួយកើតឡើងនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ភ្លាមៗនោះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងថ្នាក់ដឹកនាំខេត្តបានចុះសួរសុខទុក្ខដោយផ្ទាល់ដល់គ្រួសាររងគ្រោះក្នុងនោះក៏មានការចូលរួមពីសាខាកាកបាទក្រហមខេត្ត និងអនុសាខាស្រុកដោយបាននាំយកនូវ សម្ភារ ថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនបងប្អូនជនរងគ្រោះផងដែរ ។
ដោយឡែកក្នុងអំឡុងពេលពន្លត់អគ្គិភ័យ មានមន្ត្រីនគរបាលពន្លត់អគ្គីភ័យមួយរូបឈ្មោះ រឿន សុផល ដោយសារខិតខំប្រឹងប្រែងក្នុងការពន្លត់ភ្លើង និងសង្គ្រោះអ្នកភូមិ គាត់ក៏បានធ្លាក់ពីលើរថយន្តពន្លត់អគ្គីភ័យ ហើយរងរបួសបាក់ដៃម្ខាង ។ លោកពូត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។ ដោយកោតសរសើរអំពីការលះបង់ និងគំរូវីរភាពបស់លោកពូ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានចុះមកសួរសុខទុក្ខដោយផ្ទាល់ដល់កន្លែងលោកពូសម្រាកព្យាបាល និងធានាដល់ការចំណាយលើការពិនិត្យ និងព្យាបាលលោកពូរហូតដល់ជាសះស្បើយ។ ដោយសភាពដៃរបស់លោកពូ រឿន សុផល កាន់តែធ្ងន់ធ្ងរ ហើយនៅមន្ទីពេទ្យបង្អែកពុំមានសម្ភារគ្រប់គ្រាន់ ឯកឧត្តម ហ៊ុន ម៉ានី បានសំណូមពរឲ្យបញ្ជូនគាត់មកសម្រាកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនារាជធានីភ្នំពេញ។

មន្ត្រីប៉ូលិសដែលរងរបួសបាក់កដៃម្ខាងនោះ ឈ្មោះ រឿន សុផល វិរៈប៉ូលីសមានអាយុ ៥០ឆ្នាំ រស់នៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយការវះកាត់ និងការព្យាបាលយ៉ាងយកចិត្តទុកដាក់ អាការៈដៃរបស់លោកពូ រឿន សុផល បានវិវត្តកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាថ្ងៃទី០៧ ខែមីនា ឆ្ជាំ២០១៨ នេះ លោកពូក៏បានចេញពីមន្ទីរពេទ្យត្រឡប់ទៅគេហដ្ឋានវិញដោយក្តីរំភើបឥតឧបមា។
ថ្លែងពីគេហដ្ឋាន របស់លោកពូនាខេត្តកំពង់ស្ពឺនៅថ្ងៃនេះ លោកពូបានលើកដៃសម្បូងសម្រូង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមអ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី ជាតំណាងរាស្ត្រវ័យក្មេងគំរូមួយរូបដែលតែងតែយកចិត្តទុកដាក់ និងជានិច្ចកាលតែងមានវត្តមានរបស់លោកនៅគ្រប់ស្ថានការណ៍ជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តកំពង់ស្ពឺទាំងមូលរបស់លោក ជាក់ស្តែង ករណីភ្លើងឆេះផ្ទះនេះ និងករណីរបស់លោកពូផ្ទាល់។





