Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ រថយន្តបាឡែនមួយគ្រឿង ដែលមានដឹកឈើពេញប្រៀប បានបើកបរក្នុងល្បឿនយ៉ាងលឿន ទៅបុករថយន្តព្រូសរបស់អ្នកដំណើរយ៉ាងពេញទំហឹង ធ្វើឲ្យប៉ើងខ្ទប់នឹងដើមគគីរ ខាងជើងឈៀងខាងលិចសាលាខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យខ្ទេចមុខទៅណាលែងរួច។ ករណីនេះ តៃកុងរថយន្តបង្កអះអាងថា គ្រោះថ្នាក់នេះ កើតឡើងដោយសារសមត្ថកិច្ចដេញតាមរថយន្តដឹកឈើរបស់គេ ទើបគេបើកលឿនដើម្បីគេចខ្លួនពីសមត្ថកិច្ច ដែលតាមចាប់ដើម្បីទារលុយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩៖០៣នាទីយប់ ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចដែលនៅកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា រថយន្តបាឡែន ដឹកឈើពេញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-9991 បើកបរដោយឈ្មោះ សិទ្ធិ កាលី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-4840 ទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង ធ្វើឲ្យប៉ើងខ្ទប់នឹងដើមគគីរនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខជាប់ទៅណាលែងរួច តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្តឡើយ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកឈើ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបើកបររថយន្តដឹកឈើ សារភាពថា ខ្លួនគេត្រូវបានរថយន្តរបស់សមត្ថកិច្ចប្រដេញតាម និងពាំងពីមុខរហូត ទើបខ្លួនបានបានបង្ខំចិត្តបើកយ៉ាងលឿន ដើម្បីគេចពីសមត្ថកិច្ចរហូតជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយរថយន្តខាងលើតែម្តង។

ដោយឡែក ប្រភពមួយឲ្យដឹងថា រថយន្តដឹកឈើឆ្លងកាត់ខេត្តកំពង់ឆ្នាំង ស្ទើររាល់យប់គ្មានលោះថ្ងៃណានោះឡើយ ខណៈដែលសមត្ថកិច្ចនៅបណ្តាក់គ្នាដូចខ្យងតាមផ្លូវជាតិលេខ៥ ពិសេសខាងមុខការិយាល័យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងស្រុករលាប្អៀរ មិនដែលឃើញបង្ក្រាបបានម្តងណាឡើយ ក្រៅពីបែកកងខូច និងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ទើបឃើញសមត្ថកិច្ចចាប់ ឬឃាត់បាន ខណៈដែលពួករកស៊ីដឹកឈើទាំងនេះ តែងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវសាធារណៈដូចករណីខាងលើ។

រថយន្តដឹកឈើ និងរថយន្តម្ខាងទៀត ត្រូវបានសមត្ថកិច្ចស្ទូចដឹកយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor