header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ៖ គម្រោងផ្លូវល្បឿនលៀនពី រាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ប្រវែង ១៩០,០១៦ គីឡូម៉ែត្រ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រោមការដឹកនាំពីឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បិតាកំណែទម្រង់ នឹងចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់ស្ថាពរនៅឆ្នាំ២០២៣ ដោយប្រើរយៈពេល៤ឆ្នាំគត់ បន្ទាប់ពីបញ្ចប់ការសិក្សានៅចុងឆ្នាំ២០១៨នេះ ហើយគ្រោងចំណាយថវិកាចំនួន ១,៧៨២,០០០,០០០ដុល្លា សាងសង់ដោយ ក្រុមហ៊ុន CRBC (China Road and Bridge Corporation)។

នៅក្នុងសិក្ខាសាលាមួយ ស្តីពីការចូលរួមវាយតម្លៃលទ្ឋផលការសិក្សា ហេតុផល បរិស្ថាននិងសង្គមពេញលេញនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុកាល ដែលបានរៀបចំធ្វើឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រោមវត្តមាន ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
គម្រោងផ្លូវល្បឿនលឿននេះ ឯកឧត្តម យន្ត មីន ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមសំដែងការគាំទ្រទាំងស្រុង ព្រមទាំងបានលើកទឹកចិត្តដើម្បីដំណើរការគម្រោងនេះអោយបានលឿនដោយគោរពតាមច្បាប់ និងធានាគុណភាពស្តង់ដារ។
បើតាមលោក អាន ផល្លីភីរត្ន័ ប្រធានក្រុមអ្នក បច្ចេកទេស សិក្សាគម្រោងនេះ អោយដឹងថា គម្រោងផ្លូវល្បឿន លឿននេះឆ្លងកាត់៤រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី ខេត្តព្រះសីហនុ  ក្នុងនោះបានឆ្លងកាត់៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។

ផ្លូវល្បៀនលឿននេះ មានកំរាលបេតុងកៅស៊ូ AC ដែលមាន ប្រវែង សរុប ១៩០,០៦១ គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយមានទទឹងសរុប ២៤,៥ ម៉ែត្រ ក្នុងនោះមានគន្លងផ្លូវឡាន (២x៣,៧៥ម៉ែត្រ) សងខាង ជាយផ្លូវកៅស៊ូ២ (២x២,៥ម៉ែត្រ) សម្រាប់ម៉ូតូ ជាយផ្លូវដីក្រហម ២(២x០,៧៥) សម្រាប់ថ្មើរជើង និងសួននៅអក្ស័កណ្តាលទ្រូងផ្លូវ៣ ម៉ែត្រ មាន ស្ពាន៨៩ កន្លែង ផ្លូវនេះមានល្បឿនកំណត់ចាប់ពី៨០ ទៅ ១២០ គីឡូ ម៉ែត្រ ក្នុងមួយម៉ោង។ មានកន្លែង សម្រាប់ឈប់សម្រាកចំនួន៤ កន្លែង និងស្ថានីយប្រេងឥន្ធនៈ៣ កន្លែង។ 

ផ្លូវនេះក៏មានរបងអមតាមសងខាងផ្លូវនោះដើម្បីការពារសត្វពាហនៈឆ្លងកាត់ និងរបាំងការពារសម្លេងរំខាន សរុបប្រហែល៥៧,១៩ គីឡូម៉ែត្រ ព្រមទាំងទុកកន្លែងមនុស្ស និងសត្វព្រៃឆ្លងកាត់ចំនូន៣៥២ កន្លែង។ លោក បញ្ជាក់ថា ទិន្នន័យនេះគ្រាន់តែជាលទ្ធផលនៃការសិក្សា ដំណាក់កាលទី១ប៉ុណ្ណោះក្រុមហ៊ុន នឹងធ្វើការសិក្សាចំនួនបីលើកទៀត ដើម្បីអោយប្រាកដប្រជាមុននឹង ចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៩ខាងមុខនេះ ដោយធ្វើយ៉ាងណា ការសាងសង់នឹងមិនមានផលប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post