Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ រវាងរថយន្តស៊េរីទំនើប បើកយ៉ាងលឿនទៅបុកគ្នាពេញទំហឹងជាមួយ រថយន្តតាក់ស៊ីខ្មែរ (Taxi-Khmer) លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តទាំង២គ្រឿង ខូចខាតស្ទើទាំងស្រុង និងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី កាលពីវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចជាប់របងស្ថានទូតរុស្សី ក្បែរក្លឹប Epic ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ភ្នាក់ងារ CAM POST ដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្ត CAN AM (ប្រភេទរថយន្តប្រណាំងកែច្នៃ) ពណ៌ខ្មៅ (អត់ស្លាកលេខ) បើកបរដោយបុរសម្នាក់ និងម្នាក់ទៀតរួមដំណើរជាមួយគ្នា ចេញពីក្លឹប Epic ក្នុងល្បឿនយ៉ាងលឿនដូចហោះ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតខាងលើ បានកាច់ចង្កូតមិនទាន់ និងមានរថយន្តតាក់ស៊ីម៉ែត្រ ពណ៌ត្រួយចេក ជារបស់ក្រុមហ៊ុន (Taxi-Khmer) ពាក់ស្លាកលេខ ភ្នំពេញ​ 2AN-2913 បើកយ៉ាងលឿនពីលិចមកកើត បញ្ច្រាសទិសដៅចរាចរណ៍គ្នា ហើយកាច់ចង្កូតមិនទាន់ដូចគ្នា ក៏បានប្រលះគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល ចំណែកររថយន្តទាំង២គ្រឿង រងការខូតខាតផ្នែកខាងមុខខ្ទេចស្ទើទាំងស្រុង ។

សាក្សីបានបន្ថែមទៀតថា ភ្លាមៗនោះអ្នកបើកបរតាក់ស៊ីម៉ែត្រ ដែលរងរបួសធ្ងន់ ត្រូវបានអ្នកបើកតាក់ស៊ីក្រុមហ៊ុនជាមួយគ្នាដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រីឯភ្ញៀវ២នាក់ទៀត ដែលជិះពីក្រោយរងរបួសស្រាល បានហៅកង់បីបន្តដំណើរទៅមុខទៀត ចំណែកអ្នកបើកបររថយន្ត CAN AM ត្រូវរថយន្តគិលានសង្គ្រោះគ្លីនិកឯកជ​នមកដឹកយកទៅសង្គ្រោះ រីឯបុរសដែលរួមដំណើរជាមួយរបួសបែកក្បាល ត្រូវមិត្តភក្តិបម្រុងដឹកចេញទៅលាងរបួស តែត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ ហើយក៏មានការប្រកែកគ្នារហូតទាល់តែសមត្ថកិច្ចសួរនាំដឹងថា មិនមែនជាអ្នកបើកបរទេ ហើយសមត្ថកិច្ចសុំអត្តសញ្ញាណប័ណ្ឌ មករក្សាទុកសិន ទើបអនុញាតឲ្យទៅលាងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកកន្លែងកើតហេតុ​ធ្វើការវាស់វែង រួចធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor