Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក អេង ឆៃអ៊ាង មកកូតាពីអតីតគណបក្ស សម រង្ស៊ី និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានស្នើឲ្យអតីតមន្រ្តីរបស់បក្សទាំងអស់ ដែលមកពីកូតាអតីតគណបក្ស សម រង្ស៊ី និងអតីតគណបក្ស សិទ្ធិមនុស្ស ត្រូវរួបរួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យបក្សដំណើរការឡើងវិញ ដោយយកអារម្មណ៍ដាក់ក្នុងបេះដូង។

យោងតាមគណនីហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា “ដូច្នេះដើម្បីឲ្យបំណង និងការប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការ ហើយនឹងគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ បានសម្រេចឆាប់រហ័ស ទាល់តែក្រុមគ្រួសារសង្គ្រោះជាតិទាំងអស់ យកអារម្មណ៍ដាក់ក្នុងបេះដូង កុំដាក់លើអណ្តាត”

នៅក្នុងឱកាសចូលរួមសម្ពោធសមិទ្ធផលនានា នៅវត្តឈូកវ៉ា ស្ថិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃ៥ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសនៅចំពោះមុខសិស្សសាលា និងពលរដ្ឋជាច្រើននាក់ថា អ្នកជាប់គុកនៅតែជាប់គុកទៅ ហើយក៏មិនអាចលើកលែងទោសឲ្យអតីតមន្រ្តីបក្សទាំង១១៨រូបបានទេ ហើយក៏មិនបើកចំហរបេះដូងចរចាជាមួយលោក សម រង្ស៊ី ជាដាច់ខាត។

សូមរំឭកថា ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោលកាលពីចុងឆ្នាំ២០១៧ និងលោក កឹម សុខា ជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ព្រមទាំងមន្រ្តីជាង១០០នាក់ ត្រូវកាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ឃើញថា អតីតមន្រ្តីដែលមកពីកូតាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ហាក់បានខ្វែងគំនិតគ្នា ដោយមានមួយក្រុមទៅជាមួយលោក សម រង្ស៊ី និងមួយក្រុមទៀតដឹកនាំដោយកូនស្រីលោក កឹម សុខា ផ្ទាល់ និងលោក យ៉ែម បុញ្ញឬទ្ធិ ដែលគេដឹងថា ជាមនុស្សជំនិតរបស់លោក កឹម សុខា បានខិតខំធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ដើម្បីជួបមន្រ្តីជាន់ខ្ពស់នៅតាមបណ្តាប្រទេសទាំងនោះ ក្នុងគោលបំណងជួយអន្តរាគមន៍ឲ្យមានការដោះលែងលោក កឹម សុខា និងឲ្យបក្សដំណើរការវិញ ខណៈមួយក្រុមទៀត ដែលដឹកនាំដោយលោក សម រង្ស៊ី បានទៅបង្កើតចលនាសង្រ្គោះជាតិ ដែលមានទីតាំងនៅលើទឹកដីអាមេរិក ក្នុងគោលបំណងឲ្យបក្សរស់ឡើងវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor