header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសថៃៈ ក្រដាសប្រាក់បាតចាប់ពីប្រភេទ២០បាត ដល់ប្រភេទ១.០០០បាត ត្រូវបានផ្លាស់ប្តូររូបភាពថ្មី ដោយតម្រូវទៅតាមសម័យរជ្ជកាលនៃអង្គស្តេចនីមួយៗ ដោយប្រភេទថ្មីនេះ គឺនៅផ្នែកខាងមុខមានតាំងរូបព្រះមហាក្សត្រថៃ ដែលទើបនឹងឡើងគ្រងរាជថ្មី គ្រប់ប្រភេទក្រដាសប្រាក់ ហើយនឹងប្រកាសឲ្យធ្វើចរាចរណ៍នៅលើទីផ្សារនាពេលឆាប់ៗខាងមុខនេះ។

យោងតាមសារាចរណែនាំរបស់ក្រសួងហិរញ្ញវត្ថុ និងធនាគារជាតិនៃព្រះរាជាណាចក្រថៃឡង់ដ៏ បានឲ្យដឹងថា បន្ទាប់ពីមានព្រះរាជានុញ្ញាតពីព្រះមហាក្សត្រថៃដែលតម្រូវឲ្យមានការផ្លាស់ប្តូរនូវប្រភេទក្រដាសប្រាក់គ្រប់ប្រភេទរួចមក ក្រសួងបានសម្រេចធ្វើការបោះពុម្ពនូវក្រដាសប្រាក់គ្រប់ប្រភេទ ដោយចាប់ពី២០បាត ដល់១.០០០បាត។

នៅផ្នែកខាងមុខនៃក្រដាសប្រាក់នីមួយៗ គឺមានដាក់រូបព្រះមហាក្សត្រថៃដែលទើប នឹងឡើងគ្រងរាជ ក្នុងឯកសណ្ឋានគ្រប់លក្ខណៈក្នុងនាមជាមេបញ្ជាការកងទ័ពអាកាស។ រីឯផ្នែកខាងក្រោយ ក៏មានតាំងរូបព្រះមហាក្សត្រថៃនៅគ្រប់រជ្ជកាលផងដែរ។ សេចក្តីប្រកាសបានបញ្ជាក់ថា ក្រដាសប្រាក់ប្រភេទថ្មីគឺមានទំហំ និងពណ៌សម្បុរមិនខុសពីក្រដាសប្រាក់ប្រភេទចាស់នោះឡើយ ដោយគ្រាន់តែមានការតុបតែង កែលម្អរលើចំណុចខ្លះៗឲ្យមានលក្ខណៈស្រស់ស្អាតជាងមុនតែប៉ុណ្ណោះ។

នៅលើសេចក្តីប្រកាសនេះក៏បានសង្កត់ធ្ងន់ថា ប្រទេសថៃមិនមានការផ្អាកមិនឲ្យចាយនូវប្រភេទក្រដាសប្រាក់ប្រភេទចាស់នោះឡើង ដោយប្រជាពលរដ្ឋអាចដកយកទៅប្រើប្រាស់នៅគ្រប់ទីកន្លែង ឬធនាគារនៅទូទាំងប្រទេស ដោយអាចធ្វើចរាចរណ៍បានទាំងប្រភេទចាស់ និងប្រភេទថ្មីចូលគ្នា។

ជាមួយគ្នានោះដែរ ធនាគារជាតិបានកំណត់ថ្ងៃនៃការធ្វើចរាចរណ៍ទៅតាមប្រភេទក្រាស់ប្រាក់ចំនួន២វគ្គ ទៅតាមព្រះរាជានុញ្ញាត គឺក្រដាសប្រាក់ប្រភេទ២០បាត, ៥០បាត និង១០០បាត ត្រូវកំណត់ឲ្យធ្វើចរាចរណ៍នៅលើទីផ្សារទូទាំងព្រះរាជាណាចក្រថៃឡង់ដ៏នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។ រីឯក្រដាសប្រាក់ប្រភេទ ៥០០បាត និង១.០០០បាត ត្រូវអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post