
កណ្ដាល៖ គិតមកត្រឹមម៉ោងជាង៥ល្ងាច ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣រូប ពាក់ព័ន្ធករណីសម្លាប់នារីម្នាក់ ញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃនេះ។
បើតាមសេចក្តីរាយការណ៍ពីសត្ថកិច្ច ជនដៃដល់មានឈ្មោះ សឿ សុផេង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលផ្ទះលេខ៣៣ ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ស្រុកកំណើតនៅឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រពន្ធជនសង្ស័យ ឈ្មោះ ឌី អាយុ២៥ ឆ្នាំ (សមគំនិត) និងប្អូនប្រុសជនដៃដល់ឈ្មោះ សឿ ចាន់អូន (សមគំនិត) ។

ការឃាត់ខ្លួននេះធ្វើឡើងក្រោយ ជនសង្ស័យដែលត្រូវជាប្អូនរបស់ជនដៃដល់ បានយកម៉ូតូម៉ាក ZOOMMER របស់នារីរងគ្រោះទៅលក់ ។
បើតាមការឲ្យដឹងជំហានដំបូងពីសមត្ថកិច្ច ជនដៃដល់ និង ជនរងគ្រោះ ជាមិត្តភ័ក្តិនឹងគ្នា រាប់អានគ្នាមក7-8 ឆ្នាំហើយ ដោយសារជនដៃដល់ចាញ់ល្បែង ទើបបែកគំនិតសំលាប់ជនរងគ្រោះដែលជាមិត្តយកទ្រព្យសម្បត្តិតែម្ដង។
នៅក្នុងវិដេអូ ដែលសមត្ថកិច្ចធ្វើការសួរនាំជនសង្ស័យនៅក្នុងរថយន្ត ខណៈពេលកំពុងបញ្ជូនទៅកន្លែងសមត្ថកិច្ច កាលពីថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនាម្សិលមិញនោះ ជនសង្ស័យបានអះអាងថា ខ្លួនមានជំពាក់បំណុលគេច្រើនសរុបជិត២០០០ដុល្លារ ដោយសារល្បែង(បាល់ការ៉ាត់)។ ជនសង្ស័យអះអាងថា បានស្គាល់នាងរងគ្រោះជិត៣ឆ្នាំមកហើយ។
សូមស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យជាឃាតកដៃឆៅដូចខាងក្រោម ៖




សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលឡើង និងគួរឲ្យរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីវ័យក្មេងម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណកាប់សម្លាប់ទាំងអាក្រាតកាយ ហើយញាត់ចូលក្នុងធុងទឹកកកពណ៌ទឹកក្រូច យកមកផ្លុងទម្លាក់ចោល ថែមចាក់សោជាប់ផងដែរ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០១៨នេះ នៅចំណុចជិតគល់ស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយមកសពស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ច ឲ្យដឹងថា ឈ្មោះ យឿន ធានី អាយុ២៩ឆ្នាំ មានស្រុកកំណើត នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយបច្ចុប្បន្នសព ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរួចរាល់ហើយ៕




