
ភ្នំពេញៈ ជនដៃដល់២នាក់ បានបើកឆាកប្រយុទ្ធកាប់ចាក់ កាលពីវេលាយប់ម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ភូមិ សែនសុខ៤ សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ បណ្ដាលឲ្យមនុស្ស២នាក់ ស្លាប់ និងរបួសធ្ងន់ រួចជនដៃដល់បានរត់គេចពីសំណាញ់ច្បាប់។
នៅទីបំផុត ពេលនេះ ជនដៃដល់ទាំង២នាក់ ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ, ខណ្ឌដូនពេញ និង ខណ្ឌឫស្សីកែវ ចាប់បានហើយ តាមអំណាច ដីកាបញ្ជាឱ្យចូលខ្លួន របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លេខ០៨៣/២០១៨ អ.យ.ឋ និង ០៨៤/២០១៨ អ.យ.ឋ ក្នុងករណី ប៉ុនប៉ងឃាតកម្ម។
ជនសង្ស័យទី១. ឈ្មោះ ចាន់ វ៉ាន់ណូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្ដិសុខ ត្រូវបានអាវុធហត្ថ ឃាត់ខ្លួននៅចំណុចមុខ សាលាអន្តរជាតិផ្លេននីង ផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទី២. ឈ្មោះ ចាន់ វ៉ាន់ណេត ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបរ ត្រូវបានអាវុធហត្ថឃាត់ខ្លួន នៅចំណុច ផ្លូវបេតុង រោងចក្រសាំផាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។






សូមរំលឹកថា កាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានករណីបើកការប្រយុទ្ធមួយកើតឡើង រវាងក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយ ដាវ ដំបង ដុំថ្ម បណ្តាលឲ្យជនរងគ្រោះ២នាក់ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ និងស្លាប់បាត់បង់ជីវិតម្នាក់ព្រោះរបួសធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាន។
ជនរងគ្រោះ១.ឈ្មោះ ហេង ចិត្តា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ៣១៩ ភូមិ សែនសុខ ៥ សង្កាត់ ឃ្មួញ (របួសធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន ក៏បណ្តាលឲ្យស្លាប់)។ ២.ឈ្មោះ ប្រាក់ សុខុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ រដ្ខាករទឹកស្នាក់នៅ កន្លែងកើតហេតុខាងលើ (របួសមាត់ដេរ១០ថ្នេរ, ម្រាមដៃឆ្វេងដេរ១០ថ្នេ និង ម្រាមដៃស្តាំដេរ០៥ថ្នេរ)។


បច្ចុប្បន្នជនដៃដល់ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅឲ្យអធិការខណ្ឌសែនសុខដែលជាម្ចាស់ករណី កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕