Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ វប្បធម៌គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ហើយអ្នកបង្កភាគច្រើនព្យាយាមបើករត់គេចមិនទទួលខុសត្រូវនោះ វាជាទម្លាប់របស់អ្នកបើករថយន្តគ្រប់ប្រភេទ និងគ្រប់ស្រទាប់វណ្ណៈ មិនថា អ្នកមាន អ្នកក្រ រថយន្តស៊េរីទំនើប ស៊េរីទាប ស៊េរីអន់ ឬរថយន្តធុនទេសចរណ៍ រថយន្តធុនធំនោះទេ។ ការព្យាយាមបើករត់គេច មិនទទួលខុសត្រូវពីកន្លែងកើតហេតុនោះទៀតសោត ក៏ត្រូវបានមតិមហាជនលើកឡើងខុសៗគ្នាថា បើមិនរត់ត្រូវគេវាយដំ បើរត់រួចចាំទទួលដោះស្រាយជាក្រោយ ហើយបើបុកមនុស្សត្រូវបុកឲ្យស្លាប់ចេញសំណងតិចតួច បើគ្រាន់តែរងរបួស និងចេញសំណងច្រើនជាដើម។

យ៉ាងណាមិញ បុរសម្នាក់ មានរូបរាងសង្ហា ស្ថិតក្នុងសម្លៀកបំពាក់ស្អាតបាត និងមានអាការៈស្រវឹងខ្លាំង បានបើកបររថយន្តស៊េរីទំនើប១គ្រឿងម៉ាក ឡង់គ្រីស័រ ៥៧០ ចេញពីកន្លែងកម្មពិធីជប់លៀង ហើយបាត់បង់ម្ចាស់ការក្នុងការបើកបរ បានរេចង្កូតទៅប៉ះនឹងធុងរទេះពោះគោចំហុយ និងធុងទឹកកកតិចតួចសោះ ក៏ខំព្យាយាមបើករត់គេចមិនចុះទទួលខុសត្រូវ បង្កការភ្ញាក់ផ្អើលពេញផ្លូវដល់អ្នកធ្វើដំណើរ ព្រមទាំងសមត្ថកិច្ចផងដែរ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ប្រដេញតាមទាល់តែរថយន្តបង្កហេតុ បើកធ្លាក់ប្រឡាយទឹកដោយខ្លួនឯង តែសំណាងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរនោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃសៅរ៍៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខក្រុមហ៊ុនជីបម៉ុង ផ្លូវម៉ុងរិទី្ធ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ រថយន្តបង្កហេតុនោះ បានព្យាយាមបើករត់គេចពីការតាមប្រម៉ាញ់របស់សមកិច្ចខណ្ឌសែនសុខ រហូតមកធ្លាក់ប្រឡាយទឹកក្រាំងក្រង២ ស្ថិតក្នុងភូមិក្រាំងក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បុរស និងស្ត្រីរងគ្រោះ ជាម្ចាស់រទេះពោះគោចំហុយ បានដេញតាមផងដែរនោះ ក៏បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់បាន និងកំពុងរៀបចំរទេះពោះគោ និងធុងទឹកកកដាក់ចូលតូប។ ស្រាប់តែឃើញរថយន្តនេះ បើកចេញមកពីផ្លូវផ្សារទំនើបអ៊ីអន យ៉ាងលឿន ក៏ជ្រុលមកប៉ះនឹងរទេះពោះគោ ធុងទឹកកករបស់គាត់ ហើយបើករត់រេពេញផ្លូវ ក៏ជ្រុលបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវទៀត។ ភ្លាមៗនោះ សមត្ថកិច្ចនៅគោលដៅក៏បានដេញតាមរថយន្តនេះ រហូតមកធ្លាក់ប្រឡាយទឹកតែម្តង។ បើមិនធ្លាក់ប្រឡាយទេនោះ ម៉្លេះរថយន្តនេះ នឹងបន្តបើករត់ទៅមុខទៀត។

សមត្ថកិច្ចក៏បានចុះទីតាំងរថយន្តធ្លាក់ប្រឡាយទឹក ហើយក៏បានជួយជនបង្កហេតុជាម្ចាស់រថយន្ត និងនាំមកកាន់ស្នាក់ការប៉ុសិ៍្តរដ្ឋបាលក្រាំងធ្នង់ ចៀសវាងការបង្កហិង្សាពីសំណាក់ពលរដ្ឋ។ សមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងដែរថា រថយន្តម៉ាក ឡង់គ្រីស័រ ៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9595។ សមត្ថកិច្ចបន្តថា បុរសនោះ ពុំត្រូវបានស្គាល់ឈ្មោះទេ តែគ្រាន់តែដឹងថា មានទីលំនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច ករណីនេះ ក៏ព្រោះតែអ្នកបើកបររថយន្ត មានអាការៈស្រវឹងខ្លាំងពេក ហើយលែងដឹងអ្វីៗទាំងអស់ ពេលមកដល់ប៉ុសិ៍្ត ហើយករណីនេះ មិនបណ្តាលឲ្យមានរងរបួសដល់អាយុជីវិតមនុស្សទេ គ្រាន់ខូចខាតសម្ភារៈពលរដ្ឋជាអាជីវករលក់ដូរប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor