Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីមានអ្នកចោទជាសំណួរថា ទេវតាមានការផ្លាស់ប្ដូរជារៀងរាល់ឆ្នាំ ហេតុអ្វី? នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មិនឃើញដូរនោះ ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជានាយករដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញថា បើមានការដោះដូរ នាយករដ្ឋមន្រ្តីកម្ពុជាមែន នាយករដ្ឋមន្រ្តីកម្ពុជារូបនោះ ក៏ត្រូវតែចេញពីជួរ CPP ផងដែរ ដើម្បីដឹកនាំប្រទេសបន្ដទៀត មិនមែនចេញមក ពីគណបក្សណាផ្សេងទេ ។

ក្នុងពិធីបើកការដ្ឋានសាងសង់ និងធ្វើឲ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងជិត៨៥គីឡូម៉ែត្រ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពី១០ឆ្នាំមុន មានក្រុមពួកប្រឆាំងបាននិយាយថា នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មិនព្រមដូរមេដឹកម្ដងសោះ ខណៈទេវតាមានការដោះដូរជារៀងរាល់ឆ្នាំ ។

សម្ដេចថ្លែងថា “បានខ្ញុំប្រកាសប្រាប់ទៅវិញថា បើគេដូរនៅតែកូនទេវតាដូចតែគ្នាទេ ។ ទេវតាដូរពីព្រះនាងនេះ ទៅព្រះនាងនោះ បានខ្ញុំឆ្លើយត្រឡប់ទៅវិញថា ក៏នៅតែគង់កូនទេវតាដូចតែគ្នាទេ ពីព្រោះគណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតា បើសិនជាមានការដោះដូរ ក៏នៅតែជាសមាជិកគណបក្សប្រជាជនដែរ និយាយឲ្យពិត” ។

សម្ដេចបញ្ជាក់ថា ឥឡូវនេះ សម្ដេចជាទេវតាកំពុងដឹកនាំប្រទេសកម្ពុជាហើយ គ្មានអ្នកណាហ៊ានមកយកបានឡើយ ។

កាលពីឆ្នាំ២០១៥ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានពន្យល់នៅលើទំព័រហ្វេសប៊ុករបស់លោក ថា “ខ្ញុំកឹម សុខា ជាអ្នកដាក់ចេញនូវសារនយោបាយ (ដូរ ឬមិនដូរ?) នេះ ជូនគណបក្សប្រើ សម្រាប់ឃោសនាបោះឆ្នោត តាំងតែពីខ្ញុំ នៅជាប្រធានគណបក្សសិទ្ធិមនុស្ស រហូតមកដល់ពេលដែលខ្ញុំ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ហើយដែលពេលនោះ ខ្ញុំជាប្រធានស្តីទី គណបក្សសង្គ្រោះជាតិផង។ ខ្ញុំពេញចិត្តនឹងសារនយោបាយនេះណាស់ ព្រោះខ្ញុំយល់ថា មានន័យ ខ្លី ខ្លឹម ខ្លាំង បើមិនខ្លៅ មិនគួរខ្លាច បើប្រជាពលរដ្ឋឃ្លានហើយនោះ” ។

ឆ្លៀតឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ការបោះឆ្នោតជ្រើសរើស សមាជិករដ្ឋសភាអាណត្តិទី៦ សម្រាប់កម្ពុជា គ្មានការប្រកាសពន្យារនោះទេ ខណៈប្រទេសខ្លះ មានការពន្យារការបោះឆ្នោត ។ សម្ដេចថា ដំណើរការប្រជាធិបតេយ្យ មិនត្រូវបានអាក់ខាននោះទេ ហើយប្រជាធិបតេយ្យត្រូវមាននីតិរដ្ឋ មិនត្រូវឲ្យប្រជាធិបតេយ្យ ក្លាយជាអនាធិបតេយ្យនោះទេ ។

ជុំវិញការបោះឆ្នោតនេះផងដែរ អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា មិនយល់ពីមូលហេតុ ដែលរដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់ជំនួយមក ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈជប៉ុន បានស្នើឲ្យមានជំនួបចរចា រវាងសម្តេចតេជោ និង លោក សម រង្ស៊ី តែត្រូវបានសម្តេចតេជោបដិសេធ ចំពោះសំណើរបស់ជប៉ុន ដែលជាមិត្តជិតស្និតរបស់កម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor