
យោងព្រះរាជក្រឹត្យ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២0១៨ ដែលចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាមជាប្រមុខរដ្ឋស្តីទី ខណៈព្រះមហាក្សត្រ អវត្តមានពីប្រទេសកម្ពុជា។ ឧត្តមសេនីយចំនួន៤រូប រួមមាន៖នាយឧត្តមនាវី ទៀ វិញ នាយឧត្តមសេនីយ៍ សឹង សំណាង ឧត្តមសេរនីយ៍ឯក វង្ស វាសនា និងឧត្តមសេនីយ៍ឯក ណុប រតនា ត្រូវបានដំឡើងឋានៈទៅជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ខណៈការដំឡើងឋានៈនេះ បានធ្វើឲ្យចំនួនមន្រ្តីជាន់ខ្ពស់ នៅក្នុងកងយោធពលខេមរភូមិន្ទ កើនឡើងថែមទៀត ពីលើចំនួនដែលកើនឡើងខ្លាំងរួចជាស្រេចទៅហើយ។ មន្រ្តីទាំង៤រូបនេះ គឺជាសមាជិកនៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។
នៅក្នុងព្រះរាជក្រឹត្យដោយឡែកមួយទៀត ដោយដំឡើង លោក វាសនា និងលោក រតនា ទៅជានាយឧត្តមសេនីយ៍ផ្កាយបួន តាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជាការលើកទឹកចិត្តដល់មន្រ្តីទាំងនោះ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ ការដំឡើងឋានៈ គឺជាការឡើងទៅតាមលទ្ធផលការងាររបស់មន្រ្តីនីមួយៗ ដើម្បីធ្វើឲ្យពួកគេ មានជំហររឹងមាំ ក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រទេស និងប្រជាជន។
ប៉ុន្តែ ក្រុមអ្នកជំនាញ បានរិះគន់ការដំឡើងឋានៈមន្រ្តីយោធាជាន់ខ្ពស់ក្នុងប្រទេសកម្ពុជា ខណៈអ្នកនៅក្នុងវិស័យនេះបានសារភាពថា មន្រ្តីជាន់ខ្ពស់មួយចំនួន ជាញឹកញាប់បានដកផ្កាយចេញ នៅពេលជួបជាមួយសមភាគីបរទេស។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ន នាយឧត្តមនាវី ទៀ វិញ ជាមេបញ្ជាការកងទ័ពជើងទឹក នាយឧត្តមសេនីយ៍ សឹង សំណាង ជាមេបញ្ជាការកងទ័ពជើងអាកាស នាយឧត្តមសេនីយ៍ វង្ស វាសនា ជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ហើយនាយឧត្តមសេនីយ៍ ណុប រតនា ជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកាំភ្លើងធំ។

