header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បាតុភូតព្រះអាទិត្យ រះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX) នឹងកើតឡើងម្ដងទៀត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ចន្លោះពីម៉ោង៥៖០០នាទី ដល់៧៖០០នាទីព្រឹក។ ដើម្បីចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ ក្រសួងទេសចរណ៍ បានរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) ជាលើកទី៣។ នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ក្រសួងទេសចរណ៍ បានអះអាងថា បាតុភូតព្រះអាទិត្យ រះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនេះ ស្ដែងឲ្យឃើញពីអច្ឆរិយភាព នៃប្រាងប្រាសាទអង្គរ ដែលត្រូវបានបុព្វបុរសខ្មែរ កសាងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិយ៉ាងច្បាស់លាស់គួរឲ្យស្ងប់ស្ងែង។

បើតាមក្រសួងទេសចរណ៍ បាតុភូតព្រះអាទិត្យ រះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនេះ (EQUINOX) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ នៅឆ្នាំនេះ បាតុភូតនេះ អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ចន្លោះម៉ោង៥៖០០នាទី ដល់ម៉ោង៧៖០០នាទីព្រឹក។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ តែងតែមានការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មករង់ចាំទស្សនា និងផ្ដិតយករូបភាពរាប់ម៉ឺននាក់។

ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ ក្រសួងទេសចរណ៍ នឹងរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) លើកទី៤ ក្រោមប្រធានបទ «Selfie អង្គរ អច្ឆរិយៈ» ដោយជ្រើសរើសរូបថត ដែលមានអ្នកគាំទ្រច្រើនជាងគេពីលេខ១ ដល់លេខ៣។ ម្ចាស់ជយលាភី នឹងទទួលបានលិខិតសរសើរចេញដោយក្រសួងទេសចរណ៍ និងរង្វាន់លើកទឹកចិត្ត លេខ១ ថវិកាចំនួន១លានរៀល លេខ២ ចំនួន៨០ម៉ឺនរៀល និងលេខ ចំនួន៥០ម៉ឺនរៀល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post