
កោះកុងៈ ទំនិញសំបូរទៅដោយសារធាតុគីមី និងខូចគុណភាព ដូចជាជង្គង់មាន់ ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិត ត្រូវបានក្រុមឈ្មួញបន្តនាំចូលយ៉ាងរលូន ពីប្រទេសថៃមកកាន់ទីរួមខេត្តកោះកុង តាមច្រកទ្វារអន្តរជាតិចាំយាម ខណៈសមត្ថកិច្ចជំនាញកាំកុងត្រូលឈរជើងនៅទីនោះ បានត្រឹមតែអង្គុយចាំយកលុយដាក់ចូលក្នុងហោប៉ៅ។
យោងតាមប្រភពពីសមត្ថកិច្ចដែលឈរជើងនៅតំបន់ខាងលើបានបង្ហើបថា ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ និងប្រហិត ដែលជាមុខទំនិញសំបូរទៅដោយសារធាតុគីមីច្រើនជាងគេ មិនមែនជារឿងដែលថ្មីនោះទេ ដោយកន្លងមកក្រុមឈ្មួញតែងតែនាំទំនិញខាងលើចូលតាមការបំបែករូបភាពដឹកតាមរទេះរុញតូចៗ ដើម្បីជាការបំភាន់ភ្នែកអ្នកធ្វើដំណើរចេញចូលតាមចក្រទ្វារមួយនេះ ហើយទំនិញដែលឈ្មួញនាំចូល គឺក្នុង១ថ្ងៃៗ មិនក្រោមពី១តោន ទៅ២តោននោះទេ។
ប្រភពដដែលបានបន្តថា ចំពោះការនាំចូលទំនិញទាំងនោះបានដោយរលូនយ៉ាងនេះ គឺដោយសារក្រុមឈ្មួញជាម៉ូយ បានដាក់ខែជូនសមត្ថកិច្ចជំនាញរាប់សិបឆ្នាំមកហើយ បើទោះបីជាមានមន្ត្រីកាំកុងត្រូលចុះពីក្រសួងមក ក៏មិនងាយចាប់ក្រុមឈ្មួញទាំងនោះបានដែរ។
ជាក់ស្តែងកន្លងមករថយន្តពិនិត្យគុណភាពចល័តរបស់នាយកដ្ឋានកាំកុងត្រូលចុះមកម្តងៗ បានត្រឹមតែធ្វើការពិនិត្យទៅលើទំនិញបន្លែកំប៉ិកកំប៉ុកតែប៉ុណ្ណោះ។ ចំពោះទំនិញស្លាបមាន់ ជង្គង់មាន់ សាច់មាន់ គ្រឿងក្នុងមាន់ និងប្រហិតវិញ ដាក់លក់នៅពេញតូបក្នុងផ្សារដងទង់ ហើយគេមិនដែលបានឃើញមន្ត្រីទាំងនោះចុះមកពិនិត្យឡើយ។

ប្រភពច្បាស់ការមួយទៀតដែលសុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់បណ្តាញសារព័ត៌មានថា ចំពោះមុខទំនិញសាច់មាន់ ស្លាបមាន់ ជង្គង់មាន់ និងប្រហិតទាំងនេះ គឺត្រូវបានលោក ជា នី ដែលជាអនុប្រធានសាខាកាំកុង និងជាអតីតប្រធានប៉ុស្តិ៍កាំកុងត្រូលច្រកទ្វារអន្តរជាតិចាំយាម ជាអ្នកកាងនៅពីក្រោយ ទើបសមត្ថកិច្ចជំនាញមិនហ៊ានប៉ះពាល់បែបនេះ។
ចំពោះការចោទប្រកាន់ខាងលើលោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង និងជាអតីតប្រធានប៉ុស្តិ៍កាំកុងត្រូលច្រកទ្វាចាំយាមបានឆ្លើយបដិសេធតាមទូរស័ព្ទថា រូបលោកមិនបានកាងទំនិញខាងលើដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះទេ គឺលោកបានប្តូរចេញអស់រយៈពេល២ឆ្នាំមកហើយ បើចង់ដឹងរឿងនេះច្បាស់ ទៅសួរអ្នកដែលនៅច្រកទៅ។

ចំណែកឯលោក សំ ចិត្រា ប្រធានប៉ុស្តិ៍កាំកុងថ្មីច្រកទ្វារអន្តរជាតិចាំយាម ចំពោះការចោទប្រកាន់ខាងលើ ភ្នាក់ងារយើងនៅពុំទាន់អាចសុំការបំភ្លឺបាននៅឡើយនោះទេ៕
