Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តដឹកដី១គ្រឿង បុកជាមួយម៉ូតូបណ្តាលឲ្យក្មេងស្រីម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ រីឯស្ត្រីជាម្តាយរងរបួសជើងខាងស្តាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅទល់មុខតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដី១គ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើត។ ចំណែកជនរងគ្រោះ បើកបរម៉ូតូពីទិសខាងកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបត់ឆ្វេងទៅទិសខាងជើង ខណៈនោះ បណ្តាលឲ្យវាក់ រេចង្កូតបុកចំពីមុខរថយន្តយ៉ាងពេញ ចំណែកកូនស្រីក៏បានប្លោងចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងតែម្តងទៅ។ ក្រោយហេតុការណ៍គេបានឃើញកម្លាំងអាវុធហត្ថចុះមកឃាត់ខ្លួនតៃកុងរថយន្តភ្លាមៗផងដែរ។

អាវុធហត្ថបានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់ឈ្មោះ សុង គន្ធា អាយុ២ឆ្នាំ ចំណែកស្ត្រីជាម្តាយឈ្មោះ មុំ បូរ៉ា អាយុ៣៥ឆ្នាំ រស់នៅភូមិកាំម៉េម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង (រងរបួសជើងខាងស្តាំ) ត្រូវបានកម្លាំងអាវុធហត្ថជួយដឹកយកទៅមន្ទីរពេទ្យយោធភូមិភាគទី១ ហៅពេទ្យ២១ ដើម្បីព្យារបួសបាលភ្លាមៗផងដែរ។

ប្រភពបន្តថា ចំណែកឯម្ចាស់រថយន្តត្រូវបានកម្លាំងឃាត់ខ្លួនភ្លាមៗ រួចនាំទៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការប្រគល់ជូននគរបាលចរាចរខេត្តចាត់ការបន្តផងដែរ។ ចំណែកស្ត្រីរងគ្រោះ ក៏បានចេញពីមន្ទីរពេទ្យ និងយកសពកូនស្រីទៅធ្វើបុណ្យតាមប្រពៃណីនៅឯភូមិកំណើតផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor