
ប្រជាពលរដ្ឋជាង៤០គ្រួសារបានប្តឹង ឧកញ៉ា សុខ ប៊ុន ថាយកដីរបស់ពួកនៅលើកោះរ៉ុង។ យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានប្តឹងទៅឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ បានរៀបរាប់ឲ្យដឹងថា ពួកគាត់បានរស់នៅលើដីនេះតាំងពីសម័យសង្គមរាស្រ្ត និយមមកម្ល៉េះ ដោយប្រកបរបរធ្វើចម្ការ ដើម្បីចិញ្ចឹមជីវិត ហើយសម័យសង្រ្គាម ក៏បានចូលទៅកាន់កាប់ចម្ការចាស់ឡើងវិញដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋទាំងនោះបានអះអាងថា ដីនេះមានលិខិតកាន់កាប់ លិខិតផ្ទេរសិទ្ធិ សាលាកបត្រព័ត៌មានកាន់កាប់ដី លិខិតបញ្ជាក់ទទួលស្គាល់ដោយអាជ្ញាធរ និងជាពិសេសស្ថាប័នជំនាញក្រុមការងារថ្នាក់ជាតិ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិរួចរាល់ តាមនីតិវិធីសុរិយោដីចប់សព្វគ្រប់ ដោយរង់ចាំតែថ្ងៃផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋរងគ្រោះ បានដាក់ការសង្ស័យថា អាចមានអំពើឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការរំលោភយកដីរបស់ប្រជាពលរដ្ឋ ពីសំណាក់ឧកញ៉ា សុខ ប៊ុន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ ព្រោះយោងតាមបទបញ្ជារបស់សម្តេច ហ៊ុន សែន កន្លងមក បានបញ្ជាក្រុមការងារថ្នាក់ជាតិឲ្យវាស់វែងដីជូនប្រជាពលរដ្ឋ ដែលកំពង់រស់នៅជាក់ស្តែងលើកោះរ៉ុងតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្រាប់តែគេឃើញវត្តមានលោកឧកញ៉ា សុខ ប៊ុន រួមនឹងលោក សួន សូផា ជាអគ្គនាយករងសុរិយោដី និងភូមិសាស្រ្ត រួមនិងបក្ខពួក បានចុះមកវាស់វែងដីរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅកាន់កាប់អាស្រ័យផលទៅវិញ។ សកម្មភាពនេះហាក់បីដូចជា ផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។
ទោះបីជាយ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋទាំងនោះ បានស្នើទៅកាន់រដ្ឋបាលខេត្តព្រះសីហនុ និងជាពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តាជួយជំរុញចេញប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់ បន្ទាប់ពីបានធ្វើការវាស់វែងចប់សព្វគ្រប់ ជាងមួយឆ្នាំកន្លងមករួចអស់ទៅហើយ ជៀសវាងការរំលោភយកដីរបស់ពួកគាត់ ពីសំណាក់អ្នកមានទ្រព្យធន ឬមានអំណាចជាដើម។





សូមរំលឹកថា ឧកញ៉ា សុខ ប៊ុន ធ្លាប់ប្រើអំពើហិង្សាលើកញ្ញា សាសា នាពេលកន្លងទៅ។
