Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ព្រមទាំងបណ្តាប្រទេសមួយចំនួន តែងតែលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងតែមានវិបត្តិនយោបាយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងជាថ្មីទៀតថា កម្ពុជាមិនមែនជាប្រទេសមានសង្គ្រាម ហើយកម្ពុជា ក៏គ្មានវិបត្តិនយោបាយ កើតឡើងដែរ មិនដូចអ្នកខ្លះចេះតែនិយាយ កុហកពលរដ្ឋខ្មែរ​ នៅក្រៅប្រទេសឡើយ ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ឥឡូវកម្ពុជាមិនមែនជាប្រទេសដែលមានសង្គ្រាមទេ ហើយក៏មិនមែនជាប្រទេស ដែលមានវិបត្តិនយោបាយ ដូចអ្នកខ្លះអះអាងនោះទេ កម្ពុជាគ្មានវិបត្តិនយោបាយទេ” ។

សម្ដេចបញ្ជាក់ថា អ្នកដែលត្រូវជាប់ឃុំខ្លួន នៅក្នុងប្រទេសណាក៏មានដែរ ហើយនៅលើពិភពលោក ធ្វើគុកមកសម្រាប់ដាក់មនុស្ស ធ្វើខុសទៅនឹងច្បាប់ ។ សម្ដេចថា ដូច្នេះបញ្ហាទាំងនេះ កម្ពុជា មិនមែនជាប្រទេសមានសង្គ្រាម និងមិនមែនជាប្រទេស មានវិបត្តិនយោបាយនោះដែរ ។

សម្ដេចបន្ដថា កម្មករនៅតែបន្ដធ្វើការងារ តាមរោងច្រក កសិករនៅតែធ្វើកសិកម្ម ពាណិជ្ជកម្មនៅតែ មានការលក់ដូរ ទេសចរាចរណ៍នៅតែមាន តើអ្វីទៅដែលហៅថា វិបត្តិនយោបាយ? ហើយការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ ខាងមុនធ្វើដដែល ដូច្នេះរបស់ដែលហៅថា វិបត្តិនយោបាយជារឿងមួយ ដែលកើតឡើងសម្រាប់មនុស្សមួយក្រុមតូច ដែលប្រព្រឹត្តខុសច្បាប់ របស់កម្ពុជា ហើយពួកគេត្រូវប្រឈម ចំពោះបញ្ហាច្បាប់ មិនមែនជា បញ្ហានយោបាយឡើយ ។

សម្ដេចនាយករដ្ឋមន្រ្តី បន្ថែមថា អ្វីៗដែលពលរដ្ឋ និងកម្មករមានសព្វថ្ងៃនេះ បានមកពីមានសន្ដិភាព និងស្ថេរភាព ដែលកម្ពុជាបានមកពីការខិតខំរួមគ្នាបង្កើតឡើង តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ហើយរាជរដ្ឋាភិបាល និងការពារមិនឲ្យកម្ពុជា មានសង្គ្រាមបានទៀតឡើយ ។

ជាមួយគ្នានេះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ប្រសិនបើរាជរដ្ឋាភិបាល មិនបានធ្វើ និងមិនដោះស្រាយបញ្ហាសន្ដិភាព ហើយសង្គ្រាមនៅតែបន្ដ តើអ្នកណាមកវិនិយោគ ក្នុងប្រទេសរបស់យើង? តើអ្នកណាមកទេសចរាចរណ៍នៅកម្ពុជា? ប្រជាពលរដ្ឋ នៅតែបន្ដគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជាង៣២ឆ្នាំកន្លងទៅ ហើយគណបក្សប្រជាជន បានស្រាយបញ្ហាទាំងអស់ ដែលបានកើតឡើងនៅកម្ពុជា ពីដំណាក់កាលលំបាកបំផុត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor