Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសាងសង់ស្ពានឆ្លងកាត់ទន្លេ ដោយប្រើប្រាស់ថវិកា វិស្វករ និងបច្ចេកទេសសាងសង់របស់ខ្លួនឯងទាំងអស់ ការលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ។

សម្ដេច ហ៊ុន សែន បានថ្លែងថា “កម្ពុជាមានសមត្ថភាព ធ្វើស្ពានឆ្លងកាត់ទន្លេខ្លួនឯងហើយ មិនមែនគ្រាន់តែបញ្ហាស្ពានដាច់ដោយឡែកទេ ប៉ុន្តែកម្ពុជាបានបង្ហាញពីសមត្ថភាពថា កម្ពុជាមានលទ្ធភាពធ្វើស្ពានឆ្លងកាត់ទន្លេខ្លួនឯង រឿងវានៅកន្លែងហ្នឹងឯង ។ យើងសាកល្បង ដោយបាតដៃរបស់ជនជាតិកម្ពុជា ក្នុងកងវិស្វកម្មរបស់ក្រសួងការពារជាតិ ហើយ និងប្រាក់របស់កម្ពុជាទាំងអស់ ប្រើជាងរបស់កម្ពុជាទាំងអស់ បច្ចេកទេសរបស់កម្ពុជាទាំងអស់” ។

សម្ដេចបន្ដថា បទពិសោធន៍ក្នុងការសាងសង់ស្ពានឆ្លងកាត់ទន្លេនេះ ចង្អុលបង្ហាញ ឲ្យឃើញថា ថ្ងៃក្រោយត្រូវសន្សំលុយ រួចហើយធ្វើស្ពានដោយខ្លួនឯង ។ សម្ដេចថា ដូនតាធ្វើអង្គរវត្តបាន ហេតុអ្វីកូនចៅជំនាន់ក្រោយធ្វើស្ពានមិនបាន ?

ទាក់ទងបញ្ហាផ្លូវជាតិលេខ១ សម្ដេចតេជោ បានថ្លែងថា ថ្ងៃសម្ពោធនេះអាចចាត់ទុកថា ជាការបញ្ចប់បាបកម្មរបស់សម្ដេចមួយ ។ សម្ដេចថា គ្មានរដ្ឋមន្ត្រីសាធារណការណាមួយ គ្មានអភិបាលខេត្តកណ្ដាល និងក្រុងភ្នំពេញណាមួយ ដែលមិនត្រូវបានសម្ដេចស្ដីបន្ទោសនោះទេ សម្រាប់ផ្លូវជាតិលេខ១នេះ ។

ការថ្លែងរបស់សម្តេចនេះ សំដៅទៅលើស្ពានកោះប៉ែន ដែលជាសរសៃឈាមតភ្ជាប់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់សៀម មកទីរួមខេត្តកំពង់ចាម ដោយស្ពាននេះ កម្ពុជាសាងសង់ដោយខ្លួនឯង ។

សូមរំលឹកថា ស្ពាននេះនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះ មានឈ្មោះថា ស្ពានតេជោកោះប៉ែន ។

ស្ពានកោះប៉ែន ដែលមានប្រវែង៧៧៩ម៉ែត្រ បានចាប់ផ្តើមសាងសង់ កាលពីខែឧសភា ឆ្នាំ២០១១ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរ នៅដើមឆ្នាំ២០១៨៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor