
កាលពីព្រលប់ថ្ងៃអាទិត្យ ទី១១ ហេតុការណ៍ហិង្សាដាក់ម្ចាស់រថយន្តបង្កគ្រោះថ្នាក់ បានធ្វើឲ្យលោក បណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយរហូតមកដល់ថ្ងៃទី១៣ ខែមីនា ប្រភពពី គ្រួសារលោក បណ្ឌិត បានបង្ហើបប្រាប់ថាបានធូរច្រើនហើយ លទ្ធផលស្គេនក្បាលមិនមានអ្វីគ្រោះថ្នាក់ទេ តែលោកត្រូវនៅសំរាកព្យាបាលយូរថ្ងៃទៀតនៅប្រទេសវៀតណាម ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់ របួសមាត់ របួសត្រចៀក របួសរាងកាយ របួសលើផ្ទៃមុខ ។



ហើយជាមួយគ្នានេះដែរ តាមការសាកសួរជាជំហ៊ានដំបូង ក្រោយហេតុការណ៍កើតឡើងនេះ បានធ្វើឲ្យ លោក ស៊ុយ សារ៉េត បាត់បង់ថវិកាប្រមាណជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿងផងដែរ។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចាត់ទុកអំពើហិង្សាកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍នេះថា ជាការបង្ហាញពីភាពអសីលធម៌នៅក្នុងសង្គម ហើយនេះ ក៏ជាបទល្មើសជាក់ស្ដែងផងដែរ ដែលសមត្ថកិច្ចត្រូវតែចាត់ការជៀសវាងកុំឲ្យកើតឡើងម្ដងហើយម្ដងទៀត។





លោកស្នងការបញ្ជាក់ថា “នេះជាបទល្មើសជាក់ស្ដែង ដែលជនល្មើសបានបង្កហិង្សាដោយចេតនាទៅលើអ្នកដទៃ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយយើងអាចស្រាវជ្រាវ និងតាមចាប់ក្នុងរយៈពេល១សប្ដាហ៍ ដោយមិនបាច់សុំដីកាពីតុលាការ បើលើសពីនេះ យើងនឹងសុំដីកាពីតុលាការ តាមចាប់ខ្លួនពួកគេ… បញ្ហានេះ វាបង្ហាញពីភាពអសីលធម៌នៅក្នុងសង្គមយើង បើទោះបីជាអ្នកបើកបរថយន្តនោះ បើកបរដោយធ្វេសប្រហែសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក៏ពិតមែន ប៉ុន្តែច្បាប់ក៏អនុវត្តន៍ទោសទណ្ឌទៅតាមហ្នឹងដែរ បើមានអ្នករបួសធ្ងន់ឈានដល់ពិការ ឬស្លាប់ អាចផ្តន្ទាទោសដាក់ពន្ធនាគារ ប៉ុន្តែនេះ ត្រឹមរបួសស្រាល គឺជាបទល្មើសក្នុងរដ្ឋប្បវេណីប៉ុណ្ណោះ”។