Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រីស្រស់បើករថយន្ត និងបុរសអ្នកបើកម៉ូតូកង់៣ បុកគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់អ្នកចម្រៀងស្រីម្នាក់ ត្រូវបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីព្រឹកថ្ងៃទី ២២មីនា ឆ្នាំ២០១៨នេះ ដើម្បីធ្វើការសាកសួរ ។

ប្រភពព័ត៌មានពីសាលាដំបូង បានឲ្យដឹងថា តាមរបាយការណ៍របស់នគរបាលចរាចរផ្លូវគោកបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរបណ្ដាលឲ្យអ្នកចម្រៀងស្រីម្នាក់ស្លាប់ នោះកើតឡើងដោយសារអ្នកបើកម៉ូតូកង់៣ បើកបំពានភ្លើងបញ្ជាចរាចរណ៍ ភ្លើងក្រហមត្រូវឈបើហើយបែរជាមិនឈប់បើកទីមុខទៀត ទើបធ្វើឲ្យរថយន្តដែលបើកឆ្លងកាត់បុកពេញទំហឹងតែម្ដង ។

ឥឡូវនេះព្រះរាជអាជ្ញាអមតុលាការកំពុងសាកសួរទាំងអ្នកបើករថយន្តទាំងអ្នកបើកម៉ូតូកង់៣ ប៉ុន្តែមិនទាន់សម្រេចបែបណានៅឡើយទេ ។

សូមរំលឹកថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២០មីនា នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៤៣ នៅ​ចំណុច​ស្តុ​ប​ទន្លេបាសាក់​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដោយអ្នក​បើករថយន្តឈ្មោះ នួន ស្រី​និ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ អត់ស្លាក​លេខ​ ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ។ គ្រោះថ្នាក់ចរាចរនោះបណ្ដាលឲ្យអ្នកចម្រៀងឈ្មោះ កាក់ ចន្ធីស្លាប់នៅកន្លែងកើតហេតុ ហើយសាកសពត្រូវបានបញ្ជូនទៅ​តម្កល់​ទុក​នៅ​វត្ត​សន្សំ​កុសល​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

តាម​ប្រភព​ព័​ត៌​មាន​ពី​សមត្ថកិច្ច​ បាន​ប្រាប់ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ នារី​វ័យក្មេង​ម្នាក់ ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ បើកបរ​តាម​បណ្តោយ​វិ​ថី​ម៉ៅ​សេ​ទុង ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ខណៈ​ពេល​កើតហេតុ​ដ៏​ធ្ងន់ធ្ងរ​នោះ នារី​ជា​អ្នក​បើករថយន្ត​បាន​និយាយ​ថា ភ្លើងស្តុប​ចេញ​ពណ៌​ខៀវ ទើប​គាត់​បើក​ចេញ​មក​ក្នុង​ល្បឿន​យ៉ាង​លឿន ចៃដន្យ​អី​ក៏​មាន​ម៉ូតូ​ឡំ​ប្រឺ​តា​កង់​បី ពណ៌​ក្រហម​ដឹក​ភ្ញៀវ​២​នាក់ ស្ត្រី​ជា​ជនជាតិ​ខ្មែរ​ និង​ប្រុស​ជា​ជនជាតិ​បរទេស​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៤៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បើក​ឆ្លង​ស្តុ​ប​ទៅ​ត្រង់ ហើយ​លឿន​ដូច​គ្នា​អ្នក​បើករថយន្ត​និយាយ​ទៀត​ថា អាង​តែ​យប់​ស្ងាត់​ធ្វើ​ឲ្យ​រថយន្ត​នាង​ចាប់​ហ្វ្រាំង​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំ​ក្បាល​ឡំ​ប្រឺ​តា​ពីមុខ ចំហៀង​ខាងស្តាំ​ពេញទំហឹង​បណ្តាលឲ្យ​ក្រឡា​ប់ឡំ​ប្រឺ​តា ធ្លាក់​ស្ត្រី​ដែល​ជា​ភ្ញៀវ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ពេល​ទៅ​ដល់​គ្លីនិក​មួយ ។ ដឹង​ថា​នាង​ស្លាប់​ហើយ ក៏​បាន​ដឹក​យក​មក​កន្លែង​កើតហេតុ​វិញ។ ចំណែក​បុរស​ជា​ជនជាតិ​បរទេស​នោះ​រង​របួសធ្ងន់។ រីឯ​អ្នក​បើក​ម៉ូតូ​ឡំ​ប្រឺ​តា​រង​របួស​ និង​ខូចខាត​ម៉ូតូ​ឡំ​ប្រឺ​តា​ទាំងស្រុង។ ចំណែក​រថយន្ត​បង្ក​វិញ​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ និង​ផ្ទុះ​ពោង​ទាំង​សងខាង​ទៅ​មុខ​លែង​រួច ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​ឃាត់​នារី​ជា​អ្នក​បើករថយន្ត​បង្ក​យក​ទៅ​ប៉ុស្តិ៍​ទួល​ទំពូង​១ រង់ចាំ​ប្រគល់​ឱ្យ​សមត្ថកិច្ច យក​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រួម​ជាមួយ​រថយន្ត​និង​ម៉ូតូ​ឡំ​ប្រឺ​តា​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

ចំណែក​អ្នក​នាង កាក់ ច​ន្ធី បន្ទាប់​ពី​ស្លាប់​ភ្លាម​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ជា​ច្រើន​ដែល​ស្គាល់​បាន​សម្តែង​នូវ​ក្តី​សោកស្តាយ​ក្រៃ​លែង។ ប្រភព​ព័ត៌មាន​ខ្លះ​និយាយ​ទាំង​សោកស្តាយ​ថា​អ្នក​នាង កាក់ ច​ន្ធី គឺជា​តារាចំរៀង​រ៉ុ​ក​ឃែ​ន​រ៉ូ​ល ទោះបី​អ្នក​នៅ​ក្នុងស្រុក​ខ្មែរ​គេ​មិនសូវ​ស្គាល់​ច្រើន តែបើ​នៅ​បរទេស​វិញ អ្នក​នាង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន ពី​សំណាក់​ភ្លៀវ​អន្តរជាតិ ហើយ​ជា​និច្ចកាល អ្នក​នាង​ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​ជា​ញឹក​ញ៉ាប់ ធ្វើ​ឲ្យ​បរទេស​ស្គាល់​ថា ខ្មែរ​មាន​អ្នកចម្រៀង​មិនធម្មតា​ទេ។ អ្នក​នាង កាក់ ច​ន្ធី ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​គឺជា​តារា​មួយ​រូប​ដែល​មាន​ជីវភាព​ក្រីក្រ​តស៊ូ​ក្នុង​ជីវិត​ដោយ​ជីវភាព​លំបាក​បំផុត ។ សព​អ្នក​នាង កាក់ ច​ន្ធី ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​ជា​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor