Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តស៊េរីទំនើប Mercedes-Benz S550 មួយគ្រឿង បានបើកទៅបុករថយន្ត Highlander បត់ឆ្លងផ្លូវ ចំពីចំហៀងយ៉ាងពេញទំហឹង ធ្វើឲ្យខ្ទាតទៅបុករថយន្ត Prius ដែលចតចោលលើចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតខ្ទេចរថយន្តទាំង៣គ្រឿងតែម្ដង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ​ ៧កើត ខែទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខឃ្លាំងលក់រថយន្ត ហាក់ ទីន នៅតាមបណ្ដោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ត Highlander មួយគ្រឿង​ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9727 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៧ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ហើយមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងបម្រុងឡើងទៅចតលើចញ្ចើមផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes-Benz S550 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9899 ដែលបើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរប្រុសស្រី៣នាក់ទៀត ធ្វើដំណើរស្របគ្នាតាមក្រោយយ៉ាងលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តពីចំហៀង Highlander យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត​ Highlander ខ្ទាតទៅបុករថយន្ត Prius គ្មានស្លាកលេខ ដែលចតចោលលើចញ្ចើមផ្លូវ​ រងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានអ្នករងរបួសស្រាលម្នាក់។ ក្រោយពេលកើតហេតុ ភាគីម្ចាស់រថយន្តទាំង៣គ្រឿង ​​​​​​មិនបានចរចាគ្នានោះទេ ដោយម្នាក់ៗ ទុករថយន្តចោលនៅនិងកន្លែងកើតហេតុ ហើយគេចចេញបាត់រៀងៗខ្លួន។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញចរាចរណ៍ក្រុង មកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានី រង់ចាំឲ្យម្ចាស់រថយន្តទាំង៣គ្រឿង ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor