
ភ្នំពេញៈ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ បានធ្វើការដកហូតលតខៀវមានសារធាតុគីមីហាមឃាត់”ប៉ូរ៉ាក់”ចំនួនបាន ៥គីឡូក្រាម ដើម្បីយកមកកម្ទេចចោល ក្រោយជំនាញបាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះមកពិនិត្យគុណភាពទំនិញនៅក្នុងផ្សារឈូកមាស និងផ្សាររីករាយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សកម្មភាពត្រួតពិនិត្យទំនិញនេះ ក៏មានការចូលរួមពីមន្ទីរពាណិជ្ជកម្ម និងគណៈគ្រប់គ្រងផ្សារផងដែរ។

ពេលចុះពិនិត្យនោះ ទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ ចំនួន៥៤គំរូ ត្រូវបានយកមកពិសោធន៍ពិនិត្យគុណភាព និងវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម។ ជាលទ្ធផលផលិតផលដែលពិនិត្យទាំង៥៤គំរូនេះ គីមានអនុលោមភាព សុវត្ថិភាព ៥៣គំរូ ដែលរួមមាន៖ បន្លែច្រើនប្រភេទ ផ្លែឈើច្រើនប្រភេទ ស្ករត្នោត ប្រហិតសាច់ សាច់ ផ្អក ប្រហុក សរសៃគុយទាវ មី ប្រភេទជ្រក់ ជាដើម។ ដោយឡែកចំពោះលតខៀវ បន្ទាប់ពីមន្រ្តីនៃមន្ទីរពិសោធន៏ពិនិត្យវិភាគរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ លើលតខៀវរួចមក ក្រុមការងារបានចុះទៅបង្ហាញពីលទ្ធផលវិភាគជូនដល់អ្នកលក់ និងបានឯកភាពគ្នាធ្វើកិច្ចសន្យាបញ្ឈប់ការលក់លតខៀវមានសារធាតុគីមីហាមឃាត់ ព្រមទាំងបានធ្វើកំណត់ហេតុដកហូតបាននូវលតខៀវមានសារធាតុគីមីហាមឃាត់បាន ៥គីឡូក្រាមដើម្បីកំទេចចោល។

មន្រ្តីកាំកុងត្រូលសាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានហៅការចុះត្រួតពិនិត្យគុណភាពទំនិញតាមទីផ្សារជាប្រចាំនេះថា ជាការធ្វើឡើងតាមកម្មវិធីជាក់លាក់ដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល និងដោយមានការឯកភាពពី ឯកឧត្តម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាឲ្យបាននូវសុវត្ថិភាពផ្នែកម្ហូបអាហារជូនប្រជាពលរដ្ឋ ព្រមទាំងកសាងបាននូវទំនុកចិត្ត ពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងពីភ្ញៀវទេសចរណ៍ផងដែរ ។

ក្នុងនាមជាមន្រ្តីនៃសាខាកាំកុងត្រូលប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាសេនាធិការមួយផងដែររបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើសកម្មភាពចុះទៅពិនិត្យគុណភាពទំនិញនៅលើទីផ្សារ ធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបានខ្ពស់នូវការចរាចរណ៍ទំនិញខូចគុណភាព ឬ មានសារធាតុគីមីហាមឃាត់នោះ។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករ ទាំងអស់ កុំឲ្យយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់ ។ ចំពោះអ្នកទិញ មន្រ្តីកាំកុងត្រូលក៏បានណែនាំពីរបៀបនៃការជ្រើសរើសផលិតផលមានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញគួរពិចារណាមុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង៕






