
បើតាមមន្ត្រីសាលារាជធានីភ្នំពេញ បានអះអាងថា អាជ្ញាធរកំពុងធ្វើការដោះស្រាយ ដើម្បីរក្សាទ្រង់ទ្រាយតូបដែលនៅសល់ពីកាអគ្គិភ័យឆាបឆេះកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ឲ្យនៅដដែល ទៅតាមការទាមទាររបស់ក្រុមអាជីវករ។ ការបញ្ជាក់នេះ ក្រោយពីក្រុមអាជីវករផ្សារច្បារអំពៅជិត ១០០នាក់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ បានប្រមូលផ្ដុំគ្នានៅលើទីតាំងផ្សារដែលត្រូវភ្លើងឆេះ ដោយពួកគេបង្ហាញការបារម្ភជុំវិញការឈូសឆាយតូបរបស់ពួកគេ ដែលនៅសេសសល់បន្ទាប់ពីភ្លើងឆេះ ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ថាអាជ្ញាធរកំពុងធ្វើការដោះស្រាយឲ្យក្រុមអាជីវករ។ លោកប្រាប់ថា៖ កុំឲ្យបងប្អូនអាជីវករព្រួយបារម្ភអី អាជ្ញាធរយើងកំពុងតែគិតថា ធ្វើម៉េចជួយបងប្អូនរបស់យើងឲ្យអស់លទ្ធភាព។ អាចយើងរៀបចំផ្សារហ្នឹង ឬក៏រៀបចំជាទំហំចាស់ ឬអាចឲ្យបងប្អូនរបស់យើងធ្វើការសាងសង់ខ្លួនឯង ប៉ុន្តែ អាទាំងអស់ហ្នឹងវាមិនទាន់សម្រេចទេ ចាំមើលក្រុមការងារគិតគូរ ឬក៏សិក្សាឲ្យល្អិតល្អន់សិន។
ទាក់ទងនឹងបញ្ហានេះ លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា ការបារម្ភរបស់ក្រុមអាជីវករផ្សារច្បារអំពៅ ដោយសារពួកគេធ្លាប់ឃើញមានករណីនេះ កើតឡើងកន្លងមក។ លោកក៏ស្នើទៅអាជ្ញាធរឲ្យធ្វើការដោះស្រាយទៅតាមសំណើរបស់ក្រុមអាជីវករ ដើម្បីកុំមានបញ្ហានៅថ្ងៃក្រោយ។ លោកបន្ថែមថាអាជ្ញាធរពេលនេះ មិនគួរធ្វើអី្វដែលលើសសំណូមពរដែលប្រជាពលរដ្ឋ ដែលជាអាជីវករចង់បានទេ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រុមអាជីវករ បានអះអាងថាពួកគាត់មិនឲ្យអាជ្ញាធរឈូសឆាយកម្ទេចតូបដែលឆេះ ដើម្បីសាងសង់ថ្មីនោះទេ គ្រាន់តែស្នើឱ្យប្រក់ដំបូលបានហើយ ដោយសល់ប៉ុន្មានទុកឲ្យពួកគេជាអ្នកជួសជុលដោយខ្លួនឯង ដើម្បីឆាប់បានលក់ដូរឡើងវិញ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ រហូតដល់ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ អគ្គិភ័យបានឆេះផ្សារច្បារអំពៅ។ យោងតាមរបាយការព៍អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា តូបលក់ដូរចំនួន ១ ៤៤៧ ត្រូវបានភ្លើងឆាបឆេះ ក្នុងនោះតូបចំនួន ៦៤៦ បានខូចខាតទាំងស្រុង។


