header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ អតីតបុគ្គលិកកាស៊ីណូម្នាក់ ដែលពាក់ព័ន្ធ​នឹង​ករណីជួញដូរខុសច្បាប់យ៉ាងសន្ធឹកសន្ធាប់នូវវេជ្ជសាស្រ្តជាប្រភេទថ្នាំពេទ្យឈ្មោះ (កេតាមីន) វាមានមុខងារសម្រាប់ព្យាបាលមនុស្ស ឬសត្វបម្រើទៅលើការវះកាត់ បែរជាឧក្រិដ្ឋជនគ្រឿងញៀនយកទៅកែច្នៃបំលែងទៅជាគ្រឿងញៀន ដើម្បីលក់ចែកចាយនៅក្រុងប៉ោយប៉ែត ត្រូវបាន​ចាប់ឃាត់ខ្លួនកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ដោយចោទប្រកាន់ពីបទជួញដូរនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ត្រូវបាននគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ។

ជនសង្ស័យមានឈ្មោះ វុធ ស្រីម៉ិច ភេទស្រី អាយុ២៧ឆ្នាំ  អតីតបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែត បច្ចុប្បន្នគ្មានមុខរបរពិតប្រាកដ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការនិងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(BLO) បង្រ្កាបចាប់ខ្លួនកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គឺនៅ​ថ្ងៃទី១៧ ខែមីនា នៅចំណុចខាងមុចហាងគុយទាវកាស៊ីណូព្រីនសេស ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោមការដឹកកម្លាំងបង្រ្កាបផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ។

លោកវរសេនីយ៍ត្រី ង៉េង សុខជា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ឱ្យដឹងថា ការបង្រ្កាបចាប់ខ្លួនជនសង្ស័យ ក្រោយពីកម្លាំងនគរបាលជំនាញបានស្រាវជ្រាវស៊ើបអង្កេតចំណាយពេលជិត១សប្តាហ៍រកឃើញថា មានការជួញដូរសារធាតុញៀនខុសច្បាប់តាមរយៈវេជ្ជសាស្រ្តថ្នាំពេទ្យយកទៅប្រើប្រាស់ក្នុងក្លឹបរាំកម្សាន្តឌូស្កូចំណុចកាស៊ីណូក្រុងប៉ោយប៉ែតហើយបន្ទាប់មកកម្លាំងនគរបាលជំនាញក៏បានកំណត់មុខសញ្ញាជនសង្ស័យ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យកំពុងជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពជាក់ស្តែង។

លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា សមត្ថកិច្ចឆែកឆេរត្រួតពិនិត្យនៅក្នុងកែបម៉ូតូរកឃើញថ្នាំពេទ្យវេជ្ជសាស្រ្តវត្ថុរាវច្រកដបឈ្មោះ(កេតាមីន)ចំនួន២ប្រអប់ធំស្មើនិង១៥០ដបមានទម្ងន់ទឹកថ្នាំ១៥០០ក្រាម។

លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា ថ្នាំកេតាមីនត្រូវគេចាត់ទុកជាគ្រឿងញៀនដែលវាមានឥទ្ធិពលប្រហាក់ប្រហែលនិងថ្នាំញៀនអ៊ិចស្តាស៊ី ធ្វើឱ្យមនុស្សអ្នកប្រើប្រាស់ រំជើបរំជួលអារម្មណ៍ សប្បាយមិនដឹងខ្លួន។ ប្រភេទថ្នាំកេតាមីនគេប្រើប្រាស់វាស្របច្បាប់ តែក្នុងមន្ទីរពេទ្យ ឬកន្លែងវះកាត់អ្នកជំងឺ និងអ្នករងរបួស ទៅតាមវេជ្ជបញ្ជា ព្យាបាលមនុស្ស ឬសត្វប៉ុណ្ណោះ។ ប៉ុន្តែយោងទៅលើឥទ្ធិពលពីវាផ្សេងទៀត ក្រៅក្បួនវេជ្ជសាស្រ្ត ពួកឧក្រិដ្ឋជនគ្រឿងញៀនបានកែច្នៃបំលែងវាជាគ្រាប់សម្រាប់លេប ឬជាប្រភេទម្សៅ សម្រាប់ហិត ឬលាយទឹកផឹកជំនួសការប្រើប្រាស់គ្រឿងញៀន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post