
កាលពីថ្ងៃទី៩ ខែមីនា កន្លងទៅនេះ មានកិច្ចប្រជុំមួយដឹកនាំដោយលោក Bouangern Xaphouvong ដែលជាអនុរដ្ឋមន្ដី្រក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ប្រទេសឡាវ បានអនុញ្ញាតឲ្យអ្នកតំណាងពីផ្នែកពាក់ព័ន្ធនានា រៀបចំកិច្ចការផ្សេងៗក្នុងការស្នើសុំដាក់ចង្វាក់រាំដ៏ល្បីឈ្មោះមួយរបស់ប្រទេសឡាវ គឺចង្វាក់ ឡាំវង់ ដែលកម្ពុជា និងថៃហៅថា រាំវង់ ឯថៃហៅថា Ramwong ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ ក្នុងបញ្ជីអង្គការ UNESCO។
ហើយមិនត្រឹមតែចង្វាក់«ឡាំវង់» នេះទេ ឡាវនៅមានបំណងស្នើដាក់បញ្ចូលប្រពៃណីវប្បធម៌មួយចំនួនផ្សេងទៀតផងដែរដូចជា ចូលឆ្នាំឡាវ, ប្រពៃណី almsgiving, បុណ្យ Baci, និងពិធីបុណ្យ Kong Khao ជាដើម។


សូមជម្រាបជូនផងដែរថា កាលពីប៉ុន្មានខែកន្លងទៅនេះ UNESCO ទើបតែទទួលស្គាល់ ឧបករណ៍ភ្លេង "ខ្លុយខេន" ជាផ្នែកមួយនៃសម្បត្តិវប្បធម៌ប្រចាំប្រទេសឡាវ៕

ក្រោយព័ត៌មាននេះ ត្រូវបានចុះផ្សាយ ខាង ឯកឧត្ដម ថៃ នៈសត្យា ដែលជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖
កម្ពុជាមិនអាចប្រតិកម្មជំទាស់ឡាវ ដែលស្នើដាក់ចង្វាក់រាំវង់ ជាសម្បត្តិបេតិកភណ្ឌអរូបីបាននោះទេ ព្រោះប្រទេសគេមានសម្បត្តិវប្បធម៌ស្រដៀងខ្មែរ។ ដូចនេះ គេអាចស្នើដាក់បាន។

ឯកឧត្តម ក៍បានបញ្ជាក់បន្ថែមទៀតថា ប្រទេសជិតខាងគ្នា តែងតែមានវប្បធម៌ស្រដៀងគ្នា ជាអត្តសញ្ញាណរបស់គេ ហើយគេស្នើដាក់ជារឿងរបស់គេ ដោយខាងកម្ពុជាមិនអាចហួងហែងបានឡើយ។