
ភ្នំពេញៈ នារីស្រស់ស្អាតម្នាក់ សង្ស័យបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បានបើករថយន្តស៊េរីទំនើបបោះពួយយ៉ាងលឿន ទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់រថយន្តខ្លួនឯងបះជើងច្រងាង ហើយខ្ទាតរបាំងថ្មទៅត្រូវរថយន្តមួយគ្រឿងទៀត ធ្វើឲ្យខ្ទេចមួយកំណត់មុខ ទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ។
ហេតុការណ៍គ្រោះចរាចរណ៍ថ្នាក់គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១ ត្រង់ចំណុចមុខភូមិគ្រឹះឧកញ៉ា ហ៊ុន តូ ក្បែរស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ ប្រាប់ភ្នាក់ងារ Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តស៊េរីទំនើបម៉ាក KIA Carnival ប្រភេទរថយន្តទេសចរណ៍១២កៅអី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1115 បើកបរដោយនារីរូបស្រស់ស្អាតម្នាក់ ទំនងស្រវឹងស្រា ធ្វើដំណើរពីលិចទៅកើតក្នុងលឿងយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ មុខភូមិគ្រឹះលោកឧកញ៉ា ហ៊ុន តូ ក៏បានទៅបុករបាំងថ្មក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរេចង្កូតក្រឡាប់ផ្ងារជើង។ ចំណែក របាំងថ្មរងគ្រោះនោះ ក៏បានខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-5179 ជិះគ្នា៤នាក់ ធ្វើដំណើរតាមផ្លូវម៉ៅសេទុងពីកើតទៅលិច បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួច។

ប្រភពដដែលបញ្ជាក់ថា យ៉ាងណា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។ ចំណែកនារីរូបស្រស់ ដែលជាអ្នកបើកបររថយន្តស៊េរីទំនើបបង្កហេតុ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋាន នាំទៅបុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីរង់ចាំធ្វើការសាកសួរផងដែរ។

សមត្ថកិច្ចឲ្យដឹងថា នារីរូបស្រស់ ដែលជាអ្នកបើករថយន្តទំនើបខាងលើ មានឈ្មោះ ដេង ដានី អាយុ២៤ឆ្នាំ មុខរបររកស៊ី។ រីឯអ្នកបើកបររថយន្ត កាមរី ជាអ្នកលក់សំលៀកបំពាក់នៅផ្សាររាត្រី មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

បើតាមម្ចាស់រថយន្ត កាមរី ដែលរងគ្រោះនោះ ប្រាប់ Cam Post ឲ្យដឹងថា គាត់ជាអ្នករកស៊ី មិនចង់វែងឆ្ងាយនោះទេ ទើបហៅកង់បីជិះទៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីដោះស្រាយគ្នា។ ចំណែកនារីម្ចាស់រថយន្តស៊េរីទំនើបបង្កហេតុ បានហៅក្រុមគ្រួសារមកជួយដោះស្រាយ ដោយព្រមចេញសងថ្លៃខូចខាតរថយន្តចំនួន៩០០ដុល្លារ ដើម្បីបញ្ចប់រឿង ហើយហៅរ៉ឺម៉កកង់បីមកសណ្ដោងយកទៅយានដ្ឋាន ដើម្បីធ្វើការជួសជុល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង និងស្ទូចរថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តដោះស្រាយតាមផ្លូវច្បាប់៕










