
មណ្ឌលគិរីៈ ក្រោមការសហការគ្នាពីអង្គការវាយអេត ខណ្ឌរដ្ឋបាលព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាររងខេត្តផងដែរនោះ សមត្ថកិច្ចបានធ្វើការចុះបង្ក្រាបទីតាំងស្តុកសត្វព្រៃមួយកន្លែង នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងលំនៅស្ថាន១កន្លែង មានម្ចាស់ផ្ទះឈ្មោះ សោម គឹម សាង ភេទស្រី ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបានរកឃើញសាច់សត្វព្រៃ សរុបប្រមាណជាង១០០គីឡូក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយរកឃើញបំណែកសត្វទាំងនោះ សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ សោម គឹម សាង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សត្វព្រៃដែលរកឃើញរួមមាន សាច់សត្វកាំប្រម៉ា ៥១,៥គីឡូក្រាម, ត្រកួតរស់ ៤,៣០គីឡូក្រាម, កន្ធាយរស់៤គីឡូក្រាម, ក្តាន់ញ៉ែង ៦,៣០គីឡូក្រាម, ឆ្មាបាងាប់ ៥,៣០គីឡូក្រាម, ឈ្លូស៣២គីឡូក្រាម, សំពោចងាប់ ២,៧០គីឡូក្រាម, ពស់ព្រៃងាប់ ១,៥០គីឡូក្រាម, ក្រពះប្រម៉ា៣ សរុបចំនួន១០មុខ ទម្ងន់សរុប១១២,៦គីឡូក្រាម និងក្រពះប្រម៉ាចំនួន៣ផងដែរ។
ក្រោយការបង្ក្រាប វត្ថុតាងរួមទាំងស្រ្តីសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ចំណែកសាច់សត្វ ត្រូវបានដុតចោលផងដែរ៕


