
(ភ្នំពេញ) ៖ ប្រភពព័ត៌មានមួយត្រូវបានបែកធ្លាយ ដោយខណៈនេះ ឧត្តមសេនីយ៍ត្រី ឡាយ ណារិទ្ធ ដែលជាស្នងការរង នគរបាលខេត្តតាកែវ ត្រូវបានដកស័ក្តិ មកត្រឹមមន្រ្តីនគរបាលធម្មតា ហើយកំពុងរងចាំដីកាពីតុលាការ ដាក់ខ្នោះ ដើម្បីសាកសួរបន្តទៀត នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨នេះ។
បើតាមលោក ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ នាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មាន ប៉ូលិសជំនាញ កំពុងធ្វើការតាមនីតិវិធី និងការសាកសួរស្នងការរងនគរបាលខេត្តតាកែវរូបនេះ និងនគរបាល ៨ នាក់ ជុំវិញករណីរឿងស្ត្រី មេម៉ាយ ចេវ សុវឌ្ឍនា ដែលគេអះអាងថា បានធ្វើអត្តឃាត នៅទីរួមខេត្តតាកែវ កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ។

សូមជម្រាបជូនថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។

ប៉ុន្តែការស្លាប់នេះ ត្រូវបានខាងសាច់ញាតិ និងមហាជន បានដាក់សង្ស័យថា មិនមែនជាករណីអត្តឃាត ដោយចងកឡើយ ដោយសារតែស្ថានភាពស្លាប់ មានបង្កប់នូវចំណុចគួរឲ្យសង្ស័យជាច្រើន ហើយនៅក្បែរសពស្ត្រីរូបនេះ មិនមានកៅអី ដើម្បីឡើងចងកទេ ហើយស្ត្រីនោះ ក៏បានយកដៃទាំងពីរ កាន់ខ្សែចងថែមទៀត។

ចំណែកនៅលើ-ក-របស់សាកសពវិញ ក៏មានស្នាមម្រាមដៃ ច្របាច់កទៀត ដូច្នេះហើយ ករណីស្លាប់នេះអាចជាឃាតកម្ម ប៉ុន្តែត្រូវបានគេបង្វែរមក ជារឿងអត្តឃាត ដោយចងកសម្លាប់ខ្លួន ព្រោះតែវិបត្តិស្នេហាត្រីកោណ ទៅវិញ៕
