
ភ្នំពេញៈ យុវជនម្នាក់ ត្រូវឪពុកខាងស្រីនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូបែកក្អម ដើម្បីធ្វើការសាកសួ ខណៈរូបគាត់បានបាត់កូនស្រីពីផ្ទះរយៈពេល៥ថ្ងៃ រួមទាំងម៉ូតូ១គ្រឿង ដែលកូនស្រីគាត់ជិះចេញពីផ្ទះ។
ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
យុវជនសង្ស័យ ឈ្មោះ សម្បត្តិ ចាន់សីហា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកខាងស្រីឈ្មោះ ស.ថ អាយុ១៩ឆ្នាំ ស្នាក់នៅបុរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ។

ឪពុកខាងស្រី បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគាត់បានបាត់កូនស្រីចេញពីផ្ទះរយៈពេល៤ទៅ៥ថ្ងៃមកហើយ រួមជាមួយម៉ូតូ១គ្រឿង ប៉ុន្តែដោយសារគាត់បានស្រាវជ្រាវតាមរយៈមិត្តភក្តិកូនស្រីគាត់ ទើបដឹងពីកន្លែងពួកគេជួលបន្ទប់ស្នាក់នៅម្តុំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទើបគាត់ឃើញយុវជនខាងលើ ក៏នាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូបែកក្អម ទើបសមត្ថកិច្ចនាំខ្លួនយុវជននោះ ទៅរកកូនស្រីគាត់ឃើញហើយមកដោះស្រាយគ្នានៅនគរបាលប៉ុស្តិ៍អូបែកក្អមវិញ។

ប្រភពច្បាស់ការណ៍ពីនារីវ័យ១៩ឆ្នាំដែលរត់ចេញពីផ្ទះ ទៅរស់នៅជាមួយនិងប្រុសសេ្នហ៍នោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឲ្យនាងចេញពីផ្ទះ គឺដោយសារតែនាងខឹងរឿងម្តាយមិនព្រមប្តូសេរីម៉ូតូឲ្យ ទើបនាងចេញទៅរស់នៅជាមួយនិងប្រុសសេ្នហ៍បែបនេះ ដែលទើបតែស្គាល់គ្នាបានរយៈពេល១ខែតែប៉ណ្ណោះ។ នាងបានបញ្ជាក់ទៀតថា ការដែលនាងសម្រេចចិត្តបែបនេះ គឺគ្មានការបង្ខិតបង្ខំពីភាគីខាងប្រុសនោះទេ គឺស្ម័គ្រចិត្តដោយខ្លួនឯង។
ដោយឡែកភាគីខាងប្រុសវិញ បានឲ្យដឹងថា ខ្លួនស្គាល់នារីខាងលើតាមរយៈហ្វេសប៊ុក ក្រោយមកនាងក៏បានជិះម៉ូតូ១គ្រឿងម៉ាកហ្សួមមើអ៊ិច មិនចាំស្លាកលេខមកជាមួយ ក្រោយខ្លួនបានយកម៉ូតូនោះទៅបញ្ចាំបានលុយចំនួន៤០០ដុល្លារចាយវាយជាមួយនារីជាស្រីសេ្នហ៍អស់ទៅ។
លុះដល់ថ្ងៃកើតហេតុពេលគេកំពុងដើរតាមផ្លូវ ស្រាប់តែឪពុកភាគីខាងស្រីឃើញចាប់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយនៅប៉ុស្តិ៍តែម្តង។ ប៉ុន្តែដោយសារការដោះស្រាយនៅប៉ុស្តិ៍មិនត្រូវគ្នាក៏បញ្ជួនសំណុំរឿងទៅអធិការនគរបាលខណ្ឌសែនសុខដោះស្រាយបន្ត៕
