
ភ្នំពេញៈ លើកនេះល្បីពេញបណ្ដាញសង្គមហ្វេសប៊ុកទៀតហើយ បន្ទាប់ពីថៅកែតំណាងចែកចាយស្រាបៀ Ganzberg ដ៏ធំប្រចាំខេត្តចាប់ព្រំដែនកម្ពុជា-ថៃ បានប្រើអំពើហិង្សា ដោយការវាយដំ ទាត់ធាក់ និងគំរាមសម្លាប់ប្រពន្ធកូនរបស់ខ្លួន។ ស្ត្រីរងគ្រោះ ដែលត្រូវជាប្រពន្ធរបស់ថៅកែរូបនេះ បានអំពាវនាវសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចអន្តរាគមន៍ជួយនាងយ៉ាងបន្ទាន់ផងដែរ តាមរយៈវិដេអូឡាយតាមហ្វេសប៊ុកចេញពីក្នុងបន្ទប់ផ្ទះរបស់ខ្លួន។
ស្ត្រីម្នាក់ ដែលមានកូនពីរក្នុងបន្ទុក និយាយរៀបរាប់ទាំងទឹកភ្នែកតាមរយៈវិដេអូឡាយ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ដោយក្នុងសភាពហើមខៀវភ្នែក និងបែកមាត់ រួមទាំងសម្រែកយំ ដៃកាន់កូនតូចផង បានរៀបរាប់ថា នាងឈ្មោះ សៀង សុវណ្ណារី ត្រូវជាប្រពន្ធថៅកែតំណាងចែកចាយស្រាបៀ Ganzberg ប្រចាំខេត្តបន្ទាយមានជ័យ ឈ្មោះ លោក ថែម ហ៊ាង។ នាងបញ្ជាក់ថា ខ្លួនត្រូវបានប្តីប្រើអំពើហិង្សា ដោយការដាល់ ទាត់ធាក់មកលើនាង បណ្តាលឲ្យបែកមាត់ និងខៀវភ្នែករងរបួសជាទម្ងន់។

នាងបន្តថា បន្ទាប់ពីកើតអំពើហិង្សានេះ នាងបាននាំកូនរត់គេចពីប្ដី ចូលក្នុងបន្ទប់ចាក់សោជាប់ ខ្លាចក្រែងប្តីសម្លាប់នាង ហើយឡាយវិដេអូស្នើសុំឲ្យអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកជួយចែករំលែកត (share) និងរាយការណ៍ទៅសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមកផ្ទះរបស់ខ្លួន ដើម្បីជួយនាង ព្រោះនាង និងកូនមិនអាចចេញពីបន្ទាប់បានទេ ដោយខ្លាចប្តីនាងសម្លាប់ចោល។ ផ្ទះរបស់នាង ស្ថិតនៅតាមផ្លូវលេខ៣ ជាផ្ទះចែកចាយស្រាបៀ Ganzberg ជាប់នឹងអគ្គិសនីខេត្តបន្ទាយមានជ័យ។

នាងបន្ថែមទៀតថា នាងស្រឡាញ់ប្ដីខ្លាំងណាស់ ប៉ុន្តែចុងក្រោយនេះ មិនដឹងយ៉ាងម៉េច ប្ដីនាងបានប្រើហិង្សាលើនាងដូចបាល់អ៊ីចឹង បើពុំមានអ្នកមកអន្តរាគមន៍ទេ ប្ដីនាងអាចនឹងសម្លាប់នាង និងកូនទាំងពីរចោលមិនខាន ព្រោះឥឡូវនេះ ប្ដីកំពុងគំរាមសម្លាប់។ ជាមួយគ្នា នាងបញ្ជាក់ថា បច្ចុប្បន្ន នាងកំពុងមានជំងឺមហារីក ឈាមសស៊ីឈាមក្រហម មិនគួរណាប្ដីរបស់នាង មិនអើពើ បែរជាប្រើអំពើហិង្សាមកលើនាងបែបនេះនោះទេ។

បន្ទាប់ពីស្ត្រីជាប្រពន្ធថៅកែតំណាងចែកចាយស្រាបៀ Ganzberg ដ៏ធំប្រចាំខេត្តបន្ទាយមានជ័យ រងអំពើហិង្សាគំរាមសម្លាប់ពីសំណាក់ប្ដី និងឡាយវិដេអូជាសាធរណៈ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនរិះគន់យ៉ាងខ្លាំង។ មហាជនរិះគន់ថា ការប្រើអំពើហិង្សាក្នុងគ្រួសារពីសំណាក់ប្ដីរូបនេះ ជាទង្វើដែលសង្គមស្អប់ខ្ពើមបំផុត។ អ្នកខ្លះថា បើជីវភាពគ្រួសារក្រីក្រមិនថាទេ ប៉ុន្តែនេះ ជាថៅកែ អ្នកមានមុខមាត់មានទ្រព្យ រៀនបានខ្ពង់ខ្ពស់ បែរជាយកអំពើហិង្សាធ្វើជាដំណោះស្រាយទៅវិញ។

“ជួយពិចារណាចុះ រឿងពិតដែលគួរស្វែងយល់ទាំងអស់គ្នាក្នុងសង្គមយើង មានលុយកាក់ មិនប្រាកដថា មានក្ដីសុខ សុភមង្គលនោះទេ បើមនុស្សគ្មានធម៌ក្នុងខ្លួន ស្រលាញ់ ថ្នាក់ថ្នម ផ្អែមល្ហែម នៅពេលដែលគ្នានៅមានសម្រស់ស្រស់ស្អាត ពេលគ្នាមានកូនពីរបី ស្រលាញ់ដូចបាល់ ខ្ញុំជាបុរសដែល សូមថ្កោសទោស នឹងស្អប់ខ្ពើមបំផុត រឿងប្រើអំពើហិង្សាលើគ្រួសារ ពិសេសស្ដ្រីភេទតែម្ដង។ លក់ស្រាច្រើន ផឹកច្រើនពេក ឆ្កួតបែកគំនិត វ៉ៃប្រពន្ធកូនផ្អើលពេញហ្វេសប៊ុក។ គាត់និយាយថា មើលមុខគាត់ទៅ ប្រពន្ធថៅកែស្រា ចង់ឡូយ ចង់បានប្ដីអ្នកមាន លទ្ធផលហើមភ្នែក ហើមមុខអីចឹងឯង”។ សារមួយក្នុងចំណោមសាររបស់មហាជន។
បើទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងរសៀលថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០១៨នេះ ដើមចមនៃអំពើហិង្សា និងគំរាមសម្លាប់ប្រពន្ធកូន ពីសំណាក់តំណាងចែកចាយស្រាបៀដ៏ធំ ប្រចាំខេត្តជាប់ព្រំដែននេះ មិនត្រូវបានបកស្រាយឲ្យមហាជនដឹងច្បាស់ឡើយ ដោយអង្គភាពសារព័ត៌មាន Cam Post មិនអាចទំនាក់ទំនងសុំការពន្យល់ពីសំណាក់ជនបង្កនោះទេ៕








