
ភ្នំពេញៈ បន្ទាប់ពីតុលាការកំពូលកាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញសារក្រម រំលាយគណបក្សសង្គ្រោះជាតិ (CNRP) ធ្វើឲ្យសភាពការណ៍នយោបាយនៅកម្ពុជា មានភាពតានតឹង ដោយសារតែមានការជ្រៀតជ្រែក ពីបណ្តាប្រទេសមួយចំនួន ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា លុះត្រាតែ CNRP រលាយគ្មានសល់រូបរាង និងស្រមោល ហើយសភាពការណ៍នៅកម្ពុជាមានភាពនឹងនរ និងច្បាស់លាស់ល្អ ទើបការចាក់ចេញពីតំណែងរបស់សម្ដេច មានភាពងាយស្រួលបំផុត។
សូមបញ្ជាក់ថា អំឡុងពេលបាតុម្មកាលពីឆ្នាំ២០១៣ សកម្មជន និងមេដឹកនាំគណបក្ស អតីត CNRP បានថ្លែងសារនយោបាយសំខាន់ៗជាច្រើន ទៅកាន់អ្នកគាំទ្ររបស់ខ្លួន នៅអតីតទីលានប្រជាធិបតេយ្យ ក្នុងចំណោមសារនយោបាយទាំងអស់នោះ សារនយោបាយមួយ ដែលលេចធ្លោជាងគេ និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមបាតុករ អតីត CNRP គឺស្រែកទាមទារមិនដាច់ពីមាត់ “ហ៊ុន សែន អើយ ចុះចេញទៅ” ។
ថ្លែងចំពោះមុខក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងបន្ដមុខតំណែង ជានាយក រដ្ឋមន្ដ្រីជាង១០ឆ្នាំទៀត។
សម្ដេចថ្លែងថា “លុះត្រាតែពួកអាចង្រៃអស់នេះ អាលាយ សភាពការណ៍វានឹងនរ ច្បាស់លាស់ ការចាក់ចេញរបស់ ហ៊ុន សែន គឺមានភាពងាយស្រួល ប៉ុន្ដែនៅពួកអាចង្រៃអស់នេះ ហ៊ុន សែន នៅ ព្រោះអ្នកអាចត្រួតត្រាវាបាន គឺប្រហែលមនុស្សមិនច្រើនទេ សំខាន់ជាងគេ គឺ ហ៊ុន សែន ” ។
សម្ដេច បន្ដថា មានអ្នកគាំទ្រអតីត CNRP នៅក្រៅប្រទេសបានប្រមូលម្ដុំគ្នា វាយប្រហារ សម្ដេចតាមរយៈពាក្យសម្ដី និងបានវាយត្រកូល “ហ៊ុន” ដែលពួកគេទាំងនេះចង់ធ្វើឲ្យសម្ដេចខឹង។ សម្ដេចតេជោថា គោលនយោបាយអតីត CNRP ដាក់ចេញ គឺកម្ចាត់គេ កម្ចាត់ឯង។
សម្ដេចតេជោ បានចោទសំណួរសួរថា អ្នកនយោបាយអតីត CNRP បានកែឬនៅ “មានស៊ីអត់ សែន មានសែនអត់ស៊ី” ប្រសិនបើពួកអស់លោកមិនទាន់កែ សម្ដេចនៅកំដរលេងដ៏ទីបញ្ចប់ “ខ្មោចរបស់ខ្ញុំស្លាប់កប់នៅកម្ពុជា ប៉ុន្ដែខ្មោចអ្នកឯងងាប់កប់នៅក្រៅប្រទេស” ។
ព្រមជាមួយគ្នានេះ សម្ដេចតេជោ បានបង្ហើបថា សម្ដេចបើកទ្វារចំហរ ទៅលើកិច្ចសន្ទនា ខាងនយោបាយជាមួយអ្នកណាក៏បានដែរ ក៏ប៉ុន្ដែសម្ដេចបញ្ជាក់ថា សម្ដេចមិនអាចសន្ទនា ជាមួយអ្នកណា ដែលជាប់ទោសនោះទេ៕
