header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ កម្មករស៊ីឈ្នួលដើរចាក់ធុងបាស់ម្នាក់ ត្រូវជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូតាមកាប់បណ្តាលឲ្យរងរបួសមួយកន្លែងចំកញ្ចឹងកយ៉ាងធ្ងន់ធ្ងរ ខណៈដែលជនរងគ្រោះជិះម៉ូតូត្រឡប់ទៅផ្ទះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំស្ថិតក្នុងភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

មន្រ្តីប៉េអឹម​ខេត្តព្រៃវែង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេន ភា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចាក់ធុងបាស់ មានទីលំនៅភូមិឃុំកើតហេតុ ត្រូវជនមិនស្គាល់អត្តសញ្ញាណកាប់ចំកញ្ចឹងកមួយកន្លែង រងរបួសធ្ងន់ធ្ងរ ត្រូវបាន​ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ប៉ុន្តែដោយសារស្ថានភាពមុខរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យនិងក្រុមគ្រួសារ ក៏បានបញ្ជូនបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញទាំងយប់។

លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថា បើយោងតាមការស្រាវជ្រាវយ៉ាងលម្អិតរបស់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំចាយមារ គឺនៅល្ងាចថ្ងៃទី១៤ មីនា ជនរងគ្រោះ ត្រូវថៅកែធុងបាស់ប្រើឲ្យទៅចាក់ធុងបាស់នៅក្នុងកម្មវិធីថ្ងៃចូលរោងការមួយកន្លែងក្នុងភូមិអញ្ចាញ ឃុំក្របៅ ដើម្បី​ឲ្យអ្នកដើមការរាំលេងកម្សាន្តចំនួន២ម៉ោងនៅថ្ងៃចូលរោងការ។

លោកវរសេនីយ៍ត្រី បន្តថា ខណៈពេលនោះក៏មានភ្ញៀវទាំងខាងប្រុស និងខាងស្រីជួបជុំគ្នាផឹកស៊ីចូលរាំលេងកម្សាន្តយ៉ាងច្រើនកុះករសប្បាយរីករាយផងដែរ។ លុះដល់វេលាម៉ោងប្រហែល៨យប់ដល់ម៉ោងកំណត់ឈ្មោះ ចេន ភា ក៏បានបិទធុងបាស់ហើយរៀបចំក្របអីវ៉ាន់ឧបករណ៍ទុក រួចជិះម៉ូតូទៅផ្ទះបានចម្ងាយពីរោងការប្រហែលជាមួយគីឡូម៉ែត្រ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូតាមពីក្រោយកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួស ហើយក្រុមជនបង្កក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ មុនពេលអ្នកភូមិនិងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះទៅដល់។

លោកវរសេនីយ៍ត្រីបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាឲ្យកម្លាំងជំនាញមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកំចាយមារចុះ​ទៅធ្វើការស្រាវជាវរហូតមកដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ទើបឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ តឿ ខី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិតាអី ឃុំក្របៅ ស្រុកកំចាយមារ ខណៈជនសង្ស័យរូបនេះបម្រុង​រត់គេចខ្លួនទៅខេត្តក្រចេះ។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថជនសង្ស័យឈ្មោះ តឿ ខី បានឆ្លើយសារភាពថា ខណៈដែលរូបគេមានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះរឿងចាក់ធុងបាស់នៅកន្លែងរាំរួចនៅពេលជនរងគ្រោះជិះម៉ូតូត្រឡប់ទៅផ្ទះម្នាក់ឯង រូបគេ"ជនសង្ស័យ"និងបក្ខពួកម្នាក់ទៀតឈ្មោះ ស្លេះ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបូសឬស្សី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏បានជិះម៉ូតូមួយគ្រឿងឌុបដេញតាមជនរងគ្រោះដោយឈ្មោះ ស្លេះ ជាអ្នកអង្គុយពីក្រោយ។ ពេលដេញតាមមកដល់ចំណុចខាងលើឈ្មោះ ស្លេះ ក៏បានទាញដាវដែលសៀតនៅជាប់បំពង់ស៊ីម៉ាំងម៉ូតូកាប់ទៅលើជនរងគ្រោះចំនួនមួយដាវ រួចហើយពួកគេ"ជនសង្ស័យ" ក៏បានបើកម៉ូតូរត់គេចទៅមុខ។ ប៉ុន្តែពេលបើកបានបន្តិចក៏ស្រាប់តែម៉ូតូអស់សាំង ខណៈនោះធ្វើឲ្យឈ្មោះ ស្លេះ រត់គេចចោលខ្លួនបាត់។ បន្ទាប់ពីរូបគេ"តឿ ខី" បានបើករេសាវ័រសាំងផ្លុំទើបធាក់ម៉ូតូឆេះ ក៏ចេញយកម៉ូតូទៅទុកផ្ញើផ្ទះអុំឈ្មោះ ក្រឹម នៅភូមិ.ឃុំជាមួយ រីឯដាវយកទៅលាក់ទុកក្រោយផ្ទះ។ ចំណែករូបគេ"តឿ ខី” ដើរធ្វើមិនដឹងទៅដេកផ្ទះរបស់ខ្លួន។ លុះព្រឹកឡើងបម្រុងគេចខ្លួនទៅខេត្តក្រចេះ ក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

យោងតាមចម្លើយសារភាពជនសង្ស័យរួមជាមួយវត្ថុតាងត្រូវកម្លាំងប៉េអឹមខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំពោះបក្ខពួកម្នាក់ទៀតឈ្មោះស្លេះ ដែលរត់ខ្លួនអាវុធហត្ថកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យខានតែបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post