header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គ្រោះអគ្គិភ័យដ៏កំណាចបានឆេះបំផ្លាញតូបរបស់អាជីវករប្រមានជិត៦៥០តូប ក្នុងចំណោមជាង១៤០០តូប នៅផ្សារច្បារអំពៅ រយៈពេលប្រមាណជិត១០ម៉ោង ទើបរលត់ដោយប្រើទឹកអស់ជាង២៥០ឡាន។ រីឯទំហំនៃការខូចខាតវិញ បើតាមការប៉ាន់ប្រមាណមិនក្រោមខ្ទង់រាប់ម៉ឺនដុល្លារនោះទេ។ នេះបើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច។

នាយប៉ុស្ដិ៍ច្បារអំពៅ២ លោក ទេព បូរ៉ា ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅព្រឹកថ្ងៃសុក្រនេះថា គ្រោះអគ្គិភ័យដ៏អាក្រក់នេះ កើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដែលបានឆេះតូបក្នុងផ្សារច្បារអំពៅ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យលើកនេះ នាយប៉ុស្ដិ៍រូបនេះ បញ្ជាក់ថា បណ្តាលមកឆ្លងចរន្តអគ្គិសនី (ទុស្សេ) ម្តុំតូបឈាងខាងកើតផ្សារ បង្កជាអណ្តាតភ្លើងឆេះតូបតគ្នាៗឡើងយ៉ាងសន្ធោសន្ធៅតែម្ដង។ ករណីនេះ បណ្ដាលឲ្យឆេះតូប និងសម្ភារៈលក់ដូរអស់ ចំនួន៦៤៦តូប ក្នុងចំណោម១៤៤៧តូប នៅក្នុងផ្សារដ៏ធំមួយនេះ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅជាប់ផ្សារច្បារអំពៅ ឲ្យដឹងថា ដំបូងឡើយ ភ្លើងឆេះចេញពីម្ដុំតូបលក់អង្ករ ធ្វើអំពីឈើប្រក់ស័ង្កសី និងបន្តឆេះរាលដាលជញ្ជាំងតូបឈើប្រក់ស័ង្កសីជាប់ៗគ្នារាប់សិបតូប ដោយមិនទាន់អាចសរុបបាននៅឡើយទេ។ ដោយឡែក មនុស្សដែលគេងនៅក្នុងផ្សារ ហើយជាប់នៅខាងក្នុង ក៏ត្រូវបានជួយសង្គ្រោះនាំចេញមកក្រៅវិញ ដោយសុវត្ថិភាព និងអ្នករងគ្រោះថ្នាក់នៅមិនទាន់ទទួលរបាយការណ៍នៅឡើយដែរ។ រីឯមូលហេតុ​ សមត្ថកិច្ច​កំពុងស្រាវជ្រាវ។

បើតាមលោក ទេព បូរ៉ា ក្នុងកិច្ចអន្តរាគមន៍បាញ់ពន្លត់ភ្លើង សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣៨គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២៣គ្រឿង រថយន្តអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន២គ្រឿង រថយន្តអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៥គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន២គ្រឿង រថយន្តទីក្រុងជ្រោយចង្វារ ចំនួន៥គ្រឿង រថយន្តក្រុមហ៊ុនស្រាប៊ៀកម្ពុជា ចំនួន១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២៦៩រថយន្ត ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុងនៅវេលាម៉ោងជាង៨៖៣០នាទី​ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។

ទោះជាបែបណា នៅមិនទាន់មានការបញ្ជាក់ពីទំហំនៃការខូចខាតគិតជាទឹកប្រាក់នៅឡើយទេ ប៉ុន្តែបើតាមការប៉ាន់ប្រមាណអាចមានទំហំខ្ទង់រាប់ម៉ឺនដុល្លារឯណោះ។

សូមជម្រាបថា ភ្លាមៗ បន្ទាប់ពីហេតុការណ៍អគ្គិភ័យដ៏អាក្រក់នេះកើតឡើង គេឃើញវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត បានចុះអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post