
ភ្នំពេញៈ រថយន្តកូរ៉េចំណុះ២តោនកន្លះ កែច្នៃដឹកលើសទម្ងន់ បើកបរក្នុងល្បឿនលឿនបុករះម៉ូតូ៤គ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ យ៉ាន ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មាកស្រុកកំណើតនៅភូមិលេខ៩ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។

អ្នកបើកម៉ូតូឈ្មោះ ចាន់ វណ្ណនី ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅម្តុំបឹងឈូក ខណ្ឌសែនសុខ រងរបួសស្រាល បានប្រាប់ឲ្យដឹថា មុនពេលកើតហេតុ គាត់បានដឹកជនរងគ្រោះដែលស្លាប់ខាងលើ មកពីម្តុំវត្តអង្គតាមិញគោលបំណងទៅចំណតរថយន្តច្បារអំពៅ។ លុះមកដល់ចំណុចគ្រោះថ្នាក់ ស្រាប់តែមានរថយន្តកូរ៉េ១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នា បានគេចពីរថយន្ត១គ្រឿងទៀតដែលបត់នៅខាងមុខ ក៏វាក់មកជ្រុលបុករះម៉ូតូដែលចតនៅលើចិញ្ចើមផ្លូវ រួចបន្តមកបុកម៉ូតូរបស់គាត់ បណ្តាលឲ្យអ្នកអង្គុយនៅពីខាងក្រោយធ្លាក់ចូលក្រោមរថយន្តអូសជាង១០ម៉ែត្រ ទើបរថយន្តបង្កឈប់។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយឃើញសភាពការណ៍មិនស្រួល បានចុះរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែប្រជាពលរដ្ឋបានឃាត់ខ្លួនព្រូរថយន្តបង្កឈ្មោះ ម៉េង លីន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិត្រឿង ឃុំត្រឿង ស្រុកព្រៃឈរ ខេត្តកំពង់ចាម យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន១។

ដោយឡែកសាកសពជនរងគ្រោះត្រូវបានយកទៅតម្កល់នៅក្នុងវត្តសន្សំកុសល រង់ចាំទំនាក់ទំនងរកក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯមធ្យោបាយធ្វើដំណើរទាំងអស់ សមត្ថកិច្ចមូលដ្ឋានបានវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕







